ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងក្លិបកម្សាន្តថាំងហ៊ុយ ឃាត់មនុស្ស១១១នាក់ និងថ្នាំញៀន៥គីឡូក្រាម

101

 

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគបាលរាជធានីភ្នំពេញ ឆ្មក់ចូលទៅបង្រ្កាបក្លឹបកម្សាន្ត ថាំងហ៊ុយក្លឹប និងឃាត់ខ្លួនមនុស្សបាន១១១នាក់ ក្នុងនោះមានស្រី៥០នាក់ ជាជនបរទេសនិងជនជាតិខ្មែរ បន្ទាប់ពីសមត្ថកិច្ចដឹងថា ពួកគេបន្លំចែកចាយនិងប្រើប្រាស់គ្រឿងញៀន។

ករណីខាងលើនេះដែរធ្វើឡើងកាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លើផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបទីតាំង ថាំងហួយក្លឹប។

លោកឧត្តមសេនីយ៍ឯកបន្តថា ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ១១១នាក់ (ស្រី៥០នាក់) ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី ចំណែកឯវត្ថុតាងមានថ្នាំញៀន៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញរឹបអូស។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើប្រាស់កណ្តាប់ដៃដែក ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ ពិសេសនៅតាមក្លិបកម្សាន្ត។ មន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀននេះ៕

អត្ថបទដែលជាប់ទាក់ទង