ប្រជាពលដ្ឋមានបញ្ហាសុខភាព ត្រូវទៅពិនិត្យនិងព្យាបាល នៅមន្ទីរពេទ្យដែលនៅជិតផ្ទះ និងប្រុងប្រយ័ត្នជំងឺរាតត្បាត ក្រោយទឹកជំនន់ស្រក
ត្បូងឃ្មុំ ៖ លោករដ្ឋមន្ត្រីសុខាភិបាល បានថ្លែងប្រាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រសិនបើមានបញ្ហាសុខភាព ត្រូវទៅពិនិត្យនិងព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ហើយលោកក៏បានអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ក្រោយទឹកជំនន់ស្រក និងក្នុងរដូវងារ អាចមានជំងឺរាតត្បាតមួយចំនួនកើតមាន។
លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់កន្លងមក ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ពេលទឹកជំនន់ស្រកទៅវិញ និងក្នុងរដូវធ្លាក់ខ្យល់ នឹងអាចមានជំងឺរាតត្បាតមួយចំនួន កើតឡើង ដូចជា ជំងឺរាក ជំងឺគ្រុនឈាម ជំងឺកមរមាស់ ជំងឺព្រូន ផ្ដាសាយ និងផ្លូវដង្ហើម ជាដើម។
ក្នុងឱកាសចុះចែកអំណោយឱសថ សម្ភារបរិក្ខារអនាម័យ មុង ដែលមានការសហឧបត្ថម្ភ ពីអង្គការ Direct Relief និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រោយរងគ្រោះផលប៉ះពាល់ ដោយទឹកជំនន់សរុបចំនួន ៦៤៧គ្រួសារ នៅកោះត្រែង ក្នុងឃុំពីរ ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ចំនួន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហាសុខភាពទាំងអស់នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍វិធានការការពារសុខភាព ឲ្យបានខ្ជាប់ខ្ជួន។ វិធានការការពារសុខភាព ដូចជា ត្រូវបន្តបរិភោគចំណីអាហារស្អាត-ឆ្អិនល្អ ពិសា និងប្រើប្រាស់ទឹកស្អាត ព្រមទាំងអនាម័យខ្លួនប្រាណ និងឧស្សាហ៍សំអាតដៃនឹងសាប៊ូ រាល់ពេលចំអិនអាហារ មុនពេលបរិភោគ និងក្រោយពេលបន្ទោបង់។ ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ ដែលឆ្លងដោយសារមូសទោះ ជំងឺមិនសូមជាកើតមាននៅក្នុងរដូវនេះក្ដី។ ត្រូវពិនិត្យមើលផ្ទះសម្បែង ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអសិរ្ពិសផ្សេងៗ នៅទីនោះ ដែលអាចចឹក ទិច ឬខាំ។ ត្រូវសំអាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាពកខ្វក់ កាកសំណល់ និងមេរោគជាច្រើន។ ត្រូវលុបថ្លុក ឬកន្លែងដែលមានទឹកដក់ជុំវិញផ្ទះ នាំឱ្យមានដង្កូវទឹក នាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលបង្កឱ្យមានជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងៗ។ ចាំបាច់ត្រូវស្តារ និងសំអាតអណ្តូងទឹកឡើងវិញ មុននឹងប្រើប្រាស់។ ជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាល ត្រូវបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។ ហាលកំរាល ឬសម្ភារៈប្រើប្រាស់ដែលសើម និងបើកទ្វារ បើកបង្អួចទាំងអស់ ឱ្យមានលំហូរខ្យល់ ចេញចូលគ្រប់គ្រាន់ក្នុងផ្ទះ ដើម្បីកុំឱ្យដុះផ្សិត ដែលបង្កឲ្យមានជំងឺរាករូស និងជំងឺផ្លូវដង្ហើម៕