សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនរងគ្រោះដែលគេសម្លាប់និងដុតឆេះខ្លោច
ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះដែលត្រូវគេសម្លាប់ហើយយកទៅដុតឆេះខ្លោចក្នុងរណ្តៅចាក់សំរាមនៅចំណុចខាងជើងគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនោះ ត្រូវបានគេស្គាល់អត្តសណ្ណាណបន្ទាប់ពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរួចមក ។
នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាម៉ោង៣និង២៧នាទីរសៀលថ្ងៃទី៣០ មីនា ឆ្នាំ២០២៤ ឈ្មោះ ថ្នឹង រីណា ជាអនុភូមិអណ្តូងថ្មមាសបានរាយការណ៍ថា មានក្មេងឃ្វាលគោប្រទះឃើញសាកសពម្នាក់មិនស្គាល់អត្តសញ្ញាណឆេះខ្លោចនៅក្នុងរណ្តៅចាក់សំរាម ដោយដៃជាប់ចំណងក្រណាត់អាវព័ទ្ធទៅក្រោយនៅចំណុចខាងជើងគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ។
នគរបាលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាមនោះ កម្លាំងជំនាញបានចុះទៅកន្លែងដល់កើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវរកអត្តសញ្ញាណឈានដល់ស្គាល់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះ ហុក ដុល្លា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាបុគ្គលិកគិតលុយនៅម៉ាតនៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតមាន ម្ដាយឈ្មោះ ងួន ឡេង ភេទស្រី អាយុ៥៤ឆ្នាំ ជាជនជាតិវៀតណាម និងឳពុកជាជនជាតិខ្មែរ (តែលែងលះ) ។
នគរបាលបានបញ្ជាក់បន្ថែមថា តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានស្នាកស្នាមកែងជើងខាងស្ដាំកាប់ដាច់ទំហំ៣គុណ៤ស.ម, ប្រអប់ដៃខាងស្ដាំកាប់ដាច់ទំហំ៣គុណ៥ស.ម, កាប់ដាច់ឆ្អឹងកែងដៃខាងស្ដាំទំហំ២.៥គុណ៧ស.ម, កាប់ដាច់គល់ភ្លៅខាងក្រោយផ្នែកខាងឆ្វេងទំហំ៥.៥គុណ១៥ស.ម ។ដូច្នេះ ក្រុមការងារត្រួតពិនិត្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារត្រូវបានគេកាប់រងរបួសជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់ ហើយយកសាកសពទៅទំលាក់ចោលក្នុងរណ្តៅសម្រាមហើយដុតឲ្យឆេះខ្លោច ។
សាកសពត្រូវបានប្រគល់ជូនទៅម្ដាយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសូរិយ៉ារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ។ ហើយករណីនេះ កម្លាំងសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវរកជនដៃដល់យ៉ាងយកចិត្តទុកដាក់បំផុត ។