នៅរាជធានីភ្នំពេញយានយន្តបាន កើនឡើងដល់ជាង២លាន១៩ម៉ឺនគ្រឿង ខណៈសេដ្ឋកិច្ចរបស់កម្ពុជាចេះតែកើនឡើង
ភ្នំពេញ៖ សម្រាប់រាជធានីភ្នំពេញនៅពេលបច្ចុប្បន្ននេះយានយន្តបានកើនឡើងខ្ពស់រហូតដល់ជាង២លាន១៩ម៉ឺនគ្រឿង ។ ការកើនឡើងបែបនេះ ក៏ព្រោះតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចេះតែកើនឡើង ដែលបានធ្វើអោយចរាចរណ៍នៅក្នុងទីក្រុងមួយនេះ ប្រឈមទៅនឹងការកកស្ទះរាល់ថ្ងៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងធ្វើការដោះស្រាយហើយ។
មន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០១៨ ចំនួនយានយន្ត នៅរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់ជាង២លាន១៩ម៉ឺនគ្រឿង ក្នុងនោះចំនួនរថយន្តគ្រប់ប្រភេទ មានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១លាន៧០ម៉ឺនគ្រឿង និងរឺម៉កកង់បី មានចំនួន១ម៉ឺន១ពាន់គ្រឿង”ដែលបានចុះបញ្ជី។ ដោយសារចំនួនយានយន្តមានការកើនឡើងនេះហើយ ធ្វើឱ្យគ្រប់ផ្លូវ ក្នុងរាជធានី ភ្នំពេញ មានការកកស្ទះចរាចរណ៍ជាខ្លាំង នឹងជារៀងរាល់ថ្ងៃ។
ក្រៅពីនេះនៅកត្តាជាច្រើនទៀតដែលនាំឱ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ដូចជាអ្នក បើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋមួយចំនួន រំលោភយកផ្លូវ និងចិញ្ចើម ផ្លូវធ្វើអាជីវកម្មធ្វើជាចំណតផ្ទាល់ខ្លួនផងដែរ។
សម្រាប់ទូទាំងប្រទេសវិញ បើយោងតាមរបាយការណ៍នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញអោយដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០១៨ ចំនួនយានយន្ត មានចំនួន៤៥២២១១៩គ្រឿង ក្នុងនោះ
សម្រាប់ម៉ូតូមានចំនួន៣៨៦៥២៨៩គ្រឿង និងរថយន្តចំនួន៦៥៦៨៣០គ្រឿង៕