ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាព​របស់ព្រះមហាក្សត្រ

40

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ព្រឹទ្ធសភា គឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមចំណែកធានាឱ្យមានសុវត្ថិភាពគតិយុត្តិតាមរយៈការពិនិត្យ និងអនុម័តច្បាប់ ជាពិសេសព្រឹទ្ធសភា​គឺជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន។

ព្រឹទ្ធសភានៃនីតិកាលនីមួយៗត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត។ សមាជិកព្រឹទ្ធសភាមានចំនួនស្មើ​នឹងពាក់កណ្តាលនៃសមាជិករដ្ឋសភា។ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះ​មហា​​ក្សត្រ និង២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន។

ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោត​ជ្រើស​​​តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួម​មាន​៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។

ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ១អាសនៈនៅភូមិភាគទី៤ និង១អាសនៈនៅភូមិភាគទី៦)។

សមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងដោយព្រះមហាក្សត្ររួមមាន៖ សម្តេចរាជបុត្រីព្រះអនុជ នរោ​ត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ដោយសមាជិកព្រឹទ្ធសភាពីររូបជ្រើសតាំងដោយ​រដ្ឋសភារួមមាន៖ លោក សុខ ឥសាន និងលោក ហេង ហាលីម។

អត្ថបទដែលជាប់ទាក់ទង