ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាំត្រុដិ ត្រូវបានពលរដ្ឋមានជំនឿ និង ចាប់អារម្មណ៍ច្រើនក្នុងពេលសម្តែងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

49

ភ្នំពេញ៖ ចាប់តាំងតែពីសម័យបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្នពលរដ្ឋខ្មែរនៅតែមានការពេញនិយម និងមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថាកាលណាបានមកសម្តែងនឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាចឱ្យចាកចេញឆ្ងាយ ហើយជួយឱ្យឆ្នាំថ្មីទទួលបានជោគសិរិសួរស្តី។

ស្របពេលដែលថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតជិតមកដល់នេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស.២៥៦៨។ក្នុងពិធីដ៏ឱឡារិកនេះដែរក្រសួងព័ត៌មានក៏បានអញ្ជើញក្រុមសិល្បៈសមាគមចលនាវប្បធម៍ជាតិដើម្បីកុមារក្រីក្រ មកធ្វើការសម្ដែងរបាំត្រុដិ ដើម្បីបណ្ដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។
គួរបញ្ជាក់ថាសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃខ្មែរនាឆ្នាំនេះនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។

ដឹកនាំក្រុមសិល្បៈសម្តែងអតីតតារាកំប្លែងជើងចាស់លោក ស៊ូ សាវ៉ាង ហៅ ហ៊្វុយសូ ដែលជាប្រធានសមាគមន៍ចលនាវប្បធម៌ជាតិដើម្បីកុមារក្រីក្រ បានឱ្យដឹងថា៖«របាំត្រុដិ»ត្រូវបានគេជឿជាក់ថាអាចជួយបណ្តេញនូវរាល់ចង្រៃឧបទ្រព ហើយក្នុងចំណោមនេះតំណាងឱ្យ របាំត្រុដិក្នុងនេះដូចជាតួអង្គជាសត្វប្រើសដែលអ្នកស្រុកភូមិផងហ្នឹងគេយល់ឃើញថាជាសត្វចង្រៃបើកាលណាចូលក្នុងភូមិរបស់ពួកគេ។អញ្ចឹងទៅអ្នកស្រុកគេនាំគ្នាដេញព័ទ្ធកំចាត់ចេញដើម្បីកុំឱ្យចូលភូមិរបស់គេ។ក្រៅពីនេះក៏នៅមានតួអង្គជាច្រើនទៀតដូចជាព្រានព្រៃ យក្ស ក្ងោក ព្រាយជាដើម។តួអង្គនីមួយៗបានបង្ហាញពីតំណាងល្អ និងអាក្រក់របស់ខ្មែរយើង”។

បច្ចុប្បន្នវ័យ៨១ឆ្នាំដែលមានស្រុកកំណើតនៅភូមិត្រាំកក់ ឃុំញេញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ លោកតា ហ៊្វុយសូ បានបញ្ជាក់ប្រាប់ថាតាមរយៈការបណ្តុះបណ្តាលយុវជនជាច្រើនលោកឃើញថាយុវជនបានចាប់អារម្មណ៍ទៅលើផ្នែកសិល្បៈនិងមានការគាំទ្រទៅលើសិល្បៈនោះក៏ច្រើន។ជាក់ស្តែងដូចជារបាំត្រុដិគឺស្ថិតក្នុងចំណោមដែលយុវជន និងក៏ដូចជាពលរដ្ឋនិយមចូលចិត្ត។រៀងរាល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្រុមសិល្បៈរបស់លោកតែងដើរសម្តែងស្ទើរគ្រប់ទីកន្លែង។
ដោយឡែកលោក ស៊ូ វណ្ណថានីជាសមាជិកមកពីសមាគមន៍ចលនាវប្បធម៌ជាតិដើម្បីកុមារក្រីក្រ ខេត្តតាកែវ បានឱ្យដឹងដែរថាបច្ចុប្បន្នសមាគមន៍របស់លោកមានសមាជិកទាំងអស់២៥នាក់។ក្នុងសមាគមន៍របស់លោកមានសម្តែងដូចជារបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ។ចាប់ពីថ្ងៃទី១មកក្រុមលោកបានសម្តែង២ទៅ៣កន្លែងហើយ។ក្រុមរបស់លោកសម្តែងតាមក្រសួងមន្ទីរ និងតាមពិធីបុណ្យតូចធំ ទៅតាមការអញ្ជើញ។

លោកថា៖”ក្នុងស្រទាប់ពលរដ្ឋខ្មែរគេឃើញបានផ្តល់តម្លៃមួយយ៉ាងខ្ពស់សម្រាប់របាំត្រុដិដូចគ្នានឹងសិល្បៈដទៃទៀតដែរ ម្ល៉ោះហើយពេលចេញសម្តែងម្តងៗមានការចោមរោមមើលមិនថាកុមារ យុវជន ឬមនុស្សចាស់ទេ។ខ្ញុំចង់ឱ្យពលរដ្ឋខ្មែរគាំទ្រនូវរបាំត្រុដិទុកជាកេ៍រ្តិមរតកនៃវប្បធម៌របស់យើងជារៀងរហូតទៅ”។
គួរបញ្ជាក់ថារបាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរ ជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

ក្នុងនេះដែរពាក្យ «ត្រុដិ» ជាពាក្យមានដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្តាច់ ឬកាត់ផ្តាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្ក្រាន្ត»។
តាមសៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សសេរចងក្រងថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតសព្វថ្ងៃ ។ ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើងនៅពេលដំណាច់ឆ្នាំ នីមួយៗមែន ប៉ុន្តែតាមទម្លាប់់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាដែលស្រុកទេសរាំងស្ងួតជាច្រើនថ្ងៃខែ ម្តងៗដែរ ។

របាំត្រុដិនេះ ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ហើយជួនកាលគេឃើញនៅខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯង ។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិសេសសល់នៅជាមួយមនុស្សជាន់ដើម ពួកដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងពីដែនដីនេះពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសខ្មែរដែលអ្នកស្រុកហៅថា «សំរែ» ដែលសព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាបនេះឯង ។កាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជានៅរៀងរាល់ពេលបុណ្យចូលឆ្នាំដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។ ហេតុនេះហើយបានជាមានទម្លាប់លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវ ហើយមានតែនៅក្នុងខេត្តសៀមរាបដែលជិតរាជធានីចាស់ប៉ុណ្ណោះ ។
សម្រាប់ ក្នុងការសម្តែងរបាំត្រុដិនេះ គេប្រើប្រាស់ឧបករណ៍ ឬប្រដាប់ប្រដាដូចជា កញ្ចារ ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខភ្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។

ដោយឡែកសម្រាប់ តួសម្តែងរបាំត្រុដិរួមមាន សម្តែងជាសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ព្រមទាំងអ្នកវាយស្គរដៃ អ្នកកាន់ចង្ក្រង់ និងកញ្ញា អ្នកច្រៀងដឹករបាំ ដោយពាក្យពេចន៍ប្រើនៅក្នុងចម្រៀងមានភាពខុសគ្នាទៅតាមក្រុមសម្តែង។
ចំពោះប្រដាប់ប្រដាដែលត្រូវយកមកលេងក្នុងពិធីនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សំរាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាល ដូចជាច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀងជញ្ចាត់ប្រាក់ ដែលគេបាចទាននិងច្រៀងឲ្យពរដល់អ្នកដាក់ទាន ។ ជាធម្មតា ក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង៦នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និង បង្ហាញពីគោល បំណងជួយដេញស្ទាក់ប្រើស ឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបាន ។

ក្រៅពីនោះ ក៏នៅមានតួអ្នកកាន់កញ្ឆែចាប់ពី២ទៅ៦នាក់ ជាអ្នកគោះបុក ជាចង្វាក់លម្អវង់របាំ និងតំណាងឱ្យព្រៃព្រឹក្សា អារុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងជួយព័ទ្ធខ្ទប់ស្ទាក់ប្រើសឱ្យព្រានព្រៃបាញ់ដូចគ្នា ។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករ អ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត ។ ចំណែកអាចារ្យដែលស្លៀកសពាក់សបាំងឆត្រម្នាក់ ក៏មានភារកិច្ចដើរតាមវង់របាំ និងត្រួតពិនិត្យមើលបច្ច័យដែលរៃអង្គាសបានដើម្បីឱ្យប្រាកដថា ប្រាក់ដែលទទួលបានទាំងអស់នោះមិនត្រូវយកទៅចាយផ្តេសផ្តាសទេ គឺយកទៅសម្រាប់ជាកុសលក្នុងវត្តអារាមប៉ុណ្ណោះ។

ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ។ ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ ។ ខាងលើនេះ ជាពិធីនៃរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង ។ វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ។
របាំបុរាណខ្មែរមួយនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ។ជាងនេះទៅទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា ៕. ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង