ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន អភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀត ដោយបញ្ជូនទៅតុលាការនៅព្រឹកនេះ ករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាប

43

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ហិកតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងថា បុគ្គល៣រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន៖

១៖ ឈ្មោះ ពុំ សុផល ភេទ ប្រុស អាយុ ៥៩ឆ្នាំ មុខរបរ អភិបាលរងស្រុកកំពង់លែង
២៖ ឈ្មោះ លឹម ដានីន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង
៣៖ ឈ្មោះ ជួន តុំ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដែលបានយកព្រៃលិចទឹកទំហំ៩ហិចតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយមកធ្វើជាកម្មសិទ្ធិឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ដើម្បីដំណើរការគៃបំបាត់ដីរដ្ឋនេះ ជនសង្ស័យខាងលើបានប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះមិនដែលមានការអាស្រ័យផលឡើយ ហើយគ្រាន់តែបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការឈួសឆាយឲ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ តែដោយមានឧបសគ្គដោយតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ ដូចនេះការឈួសឆាយសម្រេចបានត្រឹមទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា។ ការឈួសឆាយក្នុងថ្ងៃទី២ ក៏ត្រូវបែកការណ៍ រហូតដល់មានមន្រ្តីជលផលស្រុកកំពង់លែង ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំកសាងសំណុំរឿង ប៉ុន្តែដោយបទល្មើសនេះមានជាប់ពាក់ពន្ធ័និងបញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់ រដ្ឋបាលជលផលស្រុកកំពង់លែងក៏បានផ្ទេរសំណុំរឿងនេះមក អង្គភាព។

អង្គភាពបានធ្វើការស៊ើបអង្គេត ប្រមូលភស្តុតាង ស្តាប់ចម្លើយជនសង្ស័យ និងសាក្សី (សរុប១៥នាក់) ហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំងបីខាងលើ និងបានកសាងសំណុំរឿង នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័បទល្មើសចំនួនពីរ (បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់) និង (បញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល)។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ឈ្មោះ ជួន តុំ និង ឈ្មោះ លឹម ដានីន ជាអ្នកប្រព្រឹត្តិផ្ទាល់ ដោយមានការសម្របសម្រួលឲ្យមានការឈួស ឆាយ កាប់ឆ្ការដីព្រៃលិចទឹកនេះ នៅចំនុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះ ពុំ សុផល (មាត្រា២៩ និយមន័យនៃអ្នកសមគំនិត)៕

អត្ថបទដែលជាប់ទាក់ទង