ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយក្តីសប្បាយរីករាយទៅបាន គឺមិនអាចកាត់ ផ្តាច់ចេញពីកត្តានៃសុខសន្តិភាព របស់ប្រទេសជាតិបានឡើយ

55

        

       ភ្នំពេញ៖  នយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាម និងការបែងចែកទឹកដីទាំងស្រុងនៅកម្ពុជា នាឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសជាតិដែលធ្លាប់តែញាំញីដោយសង្គ្រាម ចម្បាំងរាំងជល់ ការវិនាសអន្តរាយស្ទើរតែរកទីបំផុតគ្មាន ដែលបានអូសបន្លាយក្នុងពេលវេលាមួយដ៏សែនយូរ បានធ្វើឱ្យមាតុភូមិ និងប្រជាជនកម្ពុជាដ៏កំសត់មួយនេះទទួលបាននូវពន្លឺនៃសុខសន្តិភាពដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមិនអាចប្រកែកបានឡើយ  ព្រោះវាជាសច្ចភាពនៃប្រវត្តិសាស្ត្រ។


ផ្តើមចេញពីកត្តានៃសុខសន្តិភាពនេះហើយ បានធ្វើឱ្យពលរដ្ឋកម្ពុជានៅទូទាំងប្រទេសបានរស់នៅក្នុងក្តីសង្ឃឹមខ្ពស់ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលគ្រប់ៗអាណត្តិ ដោយពលរដ្ឋមាន
ឱកាសពេញលេញ ក្នុងការប្រកបនូវមុខរបររកទទួលទាន ការកម្សាន្តសប្បាយ និងការធ្វើបុណ្យទាន
ផ្សេងៗ ក្នុងនោះមានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយក្តីសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាពនេះជាដើមផង។


បើនិយាយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ជារៀងរាល់ឆ្នាំពលរដ្ឋខ្មែរតែងតែទទួលបាននូវភាពសប្បាយរីករាយ តាមរយៈការធ្វើបុណ្យតាមប្រពៃណី ការលេងល្បែងប្រជាប្រិយ ការជួបជុំជីដូន ជីតា ឪពុក ម្តាយ បងប្អូនកូនក្មួយ នៅឯស្រុកកំណើត ធ្វើបុណ្យធ្វើទានជាមួយគ្នា ទទួលទានអាហាររួមគ្នា លាយឡំជាមួយនិងការនិទាននូវរឿងរ៉ាវកាលពីអតីតកាល ព្រមទាំងការនិយាយចំអែចំអន់គ្នាជាការលេងសើចប្រកបដោយក្តីរីករាយថែមទៀតផង។


ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលមានវ័យ ៤០ឆ្នាំប្លាយ លោក អៀង សុភាស់ ដែលមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយបច្ចុប្បន្នកំពុងបំពេញការងារនៅរាជធានីភ្នំពេញបានថ្លែងថា លោកពិតជាត្រូវឱ្យតម្លៃខ្ពស់បំផុតទៅលើសន្តិភាព ដោយលោកបានដាក់ជាសំណួរថា យើងសាកស្រមើស្រមៃទៅមើលកាលពីអតីតកាលដែលប្រទេសកម្ពុជាកើតនូវកលិយុគ ថាតើប្រជាជនកម្ពុជាត្រូវរស់នៅក្នុងប្រទេសមួយដែលឆាបឆេះដោយភ្លើងសង្គ្រាមបានដោយរបៀបណា? ជាចម្លើយរបស់លោក ពិតណាស់! គឺមិនអាចរស់បានដោយសុខស្រួលនោះទេ។ ចុះឥឡូវយើងទាំងអស់គ្នារស់នៅបានដោយសុខស្រួលយ៉ាងនេះទៅហើយ ជាដំបូងតើយើងត្រូវគិតទៅដល់អ្នកណាមុនគេ? តាមលោក អៀង សុភាស់ ថាសម្រាប់រូបលោកផ្ទាល់ លោកពិតជាគិតទៅដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកជាអ្នកបានបញ្ចប់ទាំងស្រុងនូវសង្ក្រាម និងការបែងចែកទឹកដីនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ នាឆ្នាំ១៩៩៨ ហើយបានបន្តដឹកនាំប្រទេសជាតិឱ្យស្គាល់នូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។


ទាក់ទងទៅនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខ លោក អៀង សុភាស់ ថា មិនអាចកាត់ផ្តាច់ចេញពីកត្តានៃសុខសន្តិភាពរបស់ប្រទេសជាតិបានឡើយដោយបុរសវ័យ ៤០ឆ្នាំប្លាយរូបនេះបានថ្លែងថា ពិតហើយ បើស្រុកទេសកើតកលិយុគ មានចម្បាំងរាំងជល់ តើយើងទាំងអស់គ្នាអាចនឹងសប្បាយជាមួយនឹងការចូលឆ្នាំថ្មីបានដូចម្តេចទៅ? វាមិនអាចទៅរួចទេ។ លោកថា រឿងបែបនេះវាបានក្លាយទៅជាអតីតកាលអស់បាត់ទៅហើយ វាមិនមានទៀតទេសម្រាប់បច្ចុប្បន្នកាលនេះ ដោយបច្ចុប្បន្នរបស់យើងគឺ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិនៅលើគ្រប់វិស័យ។ ពលរដ្ឋកំពុងតែរស់នៅក្រោមបច្ច័យនៃសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយមោទកភាព។ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែរួមគ្នាជាធ្លុងមួយក្នុងការថែរក្សាសុខសន្តិភាព ប្តូរមកវិញនូវការអភិវឌ្ឍដោយឥតឈប់ឈរចំពោះមាតុភូមិរបស់យើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេនវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រកបដោថាមពលដ៏ពេញ
លេញ។


ដោយឡែកបុរសវ័យកណ្តាលម្នាក់ទៀត ដែលមានដើមកំណើតនៅឯខេត្តស្វាយរៀងគឺ លោក នន់
ផល្លី បច្ចុប្បន្នកំពុងប្រកបការងារនៅរាជធានីភ្នំពេញដែរនោះ ក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះសុខសន្តិភាពនៅកម្ពុជាដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសជាតិមានការរីកចំរើននៅលើគ្រប់វិស័យ ពលរដ្ឋបានសប្បាយរីករាយនៅពេលមានបុណ្យជាតិធំៗម្តងៗ តួយ៉ាងដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាដើម។ សម្រាប់លោក នន់ ផល្លី ថា លោកក៏មិនខុសពីពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេសដែរ គឺបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ប្រជាជាតិខ្មែរយើង
ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក នន់ ផល្លី បានលើកឡើងថា សន្តិភាពសំខាន់ណាស់ វាមានតម្លៃណាស់ ហើយសម្រាប់
កម្ពុជាគឺរកសន្តិភាពនេះមកបានដោយលំបាកបំផុត ដែលទាមទារឱ្យយើងទាំងអស់គ្នាថែរក្សាវាឱ្យបានស្ថិតស្ថេរ គង់វង្ស ដោយមិនត្រូវបណ្តោយឱ្យប្រទេសកម្ពុជារអិលជើងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមដូចកាលពីអតីតកាលដ៏សែនជូរចត់ជាថ្មីម្តងទៀតបាននោះទេ៕
ដោយ៖សំរិត

អត្ថបទដែលជាប់ទាក់ទង