ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនសង្ស័យចំនួន ៣ នាក់ក្នុងករណីឈូសឆាយ ព្រៃលិចទឹក នៅស្រុកកំពង់លែង
កំពង់ឆ្នាំង ៖ អ្នកនាំពាក្យអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន
ជុំវិញករណីចោទប្រកាន់ជនសង្ស័យចំនួន ៣ នាក់ពាក់ព័ន្ធនឹងករណីបំផ្លាញ តៃបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងសមគំនិត នៅស្រុកកំពង់លែង។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា សាលាដំបូងខេត្តកំពង់ឆ្នាំង បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៣០៩ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៤ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ២១៨ ដ.ស.ស/២៤ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយមានជនត្រូវចោទចំនួន ០៣ (បី) រូប៖ ១-ឈ្មោះ លឹម ដានីន ភេទប្រុស អាយុ៥៣ ឆ្នាំ, ២-ឈ្មោះ ជួន តំ ភេទប្រុស អាយុ៥៣ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បំផ្លាញ និងតៃបំបាត់ តាមមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទ កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក តាមមាត្រា ៩៨ ចំណុច១ នៃច្បាប់ស្តីពីជលផល ប្រព្រឹត្តនៅចំណុចតាទុំ ស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុង ខែមីនា ឆ្នាំ២០២៤ និង៣-ឈ្មោះ ពុំ សុផល ភេទប្រុស អាយុ៥៩ ឆ្នាំ ត្រូវបានចោទ ប្រកាន់ក្នុងអំពើសមគំនិតពីបទបំផ្លាញ តៃបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក តាមមាត្រា២៩និង មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៩៨ ចំណុច១ នៃ ច្បាប់ស្តីពីជលផល ប្រព្រឹត្តនៅទីតាំង និងពេលវេលាខាងលើ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿងរួច, ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៣ (បី) រូបខាងលើ ជាបណ្តោះអាសន្ន ដើម្បីធានាវត្តមាន ជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ហើយចៅក្រមស៊ើបសួរ នឹងបន្តកិច្ចស៊ើបសួរទៅតាមច្បាប់ ជាធរមាន៕