ឃាត់ខ្លួនមេតុងទីន២នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក (តុងទីនតាមអនឡាញ)សរុបទឹកប្រាក់ជាច្រើនលានដុល្លារ
ភ្នំពេញ៖ ដោយជានិច្ចជាកាលអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
យោងបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម។ ឱ្យកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៤០ នាទី នៅចំណុច ខុនដូរ អិល បឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់÷
១.ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ។
២.ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។
តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមាន លេខ ០២ និងលេខ ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក (តុងទិនតាមអនឡាញ)។
បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី ៕