ផ្តន្ទាទោសជនដៃដល់២នាក់ ដាក់ពន្ធនាគារចាប់ពី៧ឆ្នាំ៦ខែ ដល់១៣ឆ្នាំ រឿងឃាតកម្មសម្លាប់យុវជនម្នាក់នៅខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពីនាក់ដាក់ពន្ធនាគារពី៧ឆ្នាំរហូតដល់១៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌ ។
ជនជាប់ចោទឈ្មោះ គឹម សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៧ឆ្នាំ៦ខែ ។
.ឈ្មោះ ជា ជ័យសំណាង (ហៅតឿ)ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដាក់ពន្ធនាគារ១៣ឆ្នាំ ពីបទ ឃាតកម្ម។
ជនជាប់ចោទទាំងពីនាក់ខាងលើត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២១.០០នាទី នៅចំណុចមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពី ធ្វើសកម្មភាពបាញ់សម្លាប់យុវជនម្នាក់ និងរងរបួសម្នាក់ ព្រមទាំងពាក់ព័ន្ធការបាញ់គំរាមនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ខាងលើ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លីម៉ាកប៉េ អាកុលបាញ់គម្រាមសម្លាប់) ទៅលើជនរងគ្រោះ ឈ្មោះ ឯក ជីវន្ត អាយុ១៨ឆ្នំា មុខរបរនៅផ្ទះ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១.០០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សកម្មភាពទី២.កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២.៣០នាទី បានប្រព្រឹត្តអំពើឃាតកម្ម ប្រើអាវុធប៉េអាកុលបាញ់ទៅលើជនរងគ្រោះ ឈ្មោះ វ៉ាន់ បញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២២.០០នាទី ជនជាប់ចោទទាំង២នាក់ ខាងលើបានប្រើអាវុធខ្លីម៉ាក K៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខវត្តវិចិត្តារាម ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ, លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២.០០នាទី ជនជាប់ចោទម្នាក់ឈ្មោះ គឹម សៀងហៃ បានប្រើអាវុធខ្លីម៉ាក K៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ក្រោយកើតមានអំពើបាញ់ប្រហារនោះសមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់បញ្ជូនមកតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ ៕