សូត្រមន្ត ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ខែវិច្ឆិកានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រារព្ធពិធីសូត្រមន្ត ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ។
រដ្ឋបាលរាជធានី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រមន្ត ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងមក។ ពិធីនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានពិធីសូត្រមន្ត នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់ជីវិតអាយុជីវិតក្នុងហេតុការណ៍ខាងលើ។
គួររំលឹកថា កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនោះ មានកើតភាពជ្រួលច្របល់ដ៏ធំមួយ នៅលើស្ពានពេជ្រ នៃមណ្ឌលកម្សាន្តទីក្រុងកោះពេជ្រ បណ្តាល្យមនុស្សចំនួន៣៥៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និងរន្ធត់បំផុត និងជាមនុស្សជាច្រើនទៀតរងរបួស។
ស្ពានពេជ្រ ដែលមនុស្ស៣៥៣នាក់ បានស្លាប់នៅទៅនោះ ក្នុងឧបទ្ទេវហេតុរត់ជាន់គ្នា កាលពីឆ្នាំ២០១០ ត្រូវបានធ្វើការរុះរើចេញហើយ ជាអ្វី ដែលខ្លួនចាត់ទុកថា មានស្ពានពីរសម្រាប់ឆ្លងកាត់ទៅវិញ ទៅមក គ្រប់គ្រាន់ហើយ មិនចាំបាច់មានស្ពានពេជ្រទៀតទេ។
មានការកត់សម្គាល់ស្ពានពេជ្រ ត្រូវបានអ្នកធ្វើដំណើរទៅកាន់កោះពេជ្រ មិនសូវធ្វើដំណើរឆ្លងកាត់នោះទេ ចាប់តាំងពីឧបទ្ទេវហេតុនោះរួចមក ដោយសារអារម្មណ៍នឹកដល់ព្រឹត្តិការណ៍ដ៏រន្ធត់នោះ ទើបរុះរើចោលទាំងស្រុងតែម្តង។
ស្ពានពេជ្រដែលរុះរើចេញនេះអាចចាត់ទុកថា ជាស្ពានមរណៈ ព្រោះមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតចំនួន៣៥៣នាក់ក្នុងឧបទ្ទវហេតុជាន់គ្នា កាលពីថ្ងៃទី២២ វិច្ឆិកា ២០១០ ដែលជាយប់ថ្ងៃទី៣នៃពិធីបុណ្យអុំទូក ។ ភាពសោកសៅ និងក្តុកក្តួលនៅតែកើតមានសម្រាប់ក្រុមគ្រួសារជនរងគ្រោះ ព្រោះនៅពេលដែលមានការនិយាយ ពីស្ពានពេជ្រ គឺពួកគាត់នៅតែស្រមៃនឹកឃើញ ពីភាពរន្ធត់នឹកស្មានមិនដល់ ។ ទោះជាយ៉ាងណាមកដល់សព្វថ្ងៃនេះ ក៏មានអ្នកខ្លះហាក់ដូចជា មិនបាននឹកគិតទៅដល់រឿងរ៉ាវ ដែលកន្លងផុតនោះទៀតទេ ហើយដោយសារនៅទីនោះ មិនគ្រាន់តែជាកន្លែងសប្បាយភាពយ៉ាងប្រណីតនោះទេ គឺមានមនុស្សម្នារាប់ពាន់រាប់ម៉ឺននាក់ ទៅកម្សាន្តរាល់ថ្ងៃផង ធ្វើឱ្យការសប្បាយរលុបបាត់នូវព្រឹត្តិការណ៍នោះ ។
មានលើកឡើងពីមជ្ឈដ្ឋានថា ការរុះរើស្ពានដែក និងខ្សែកាប (ស្ពានពេជ្រ) នេះចេញ គឺដើម្បីកាត់បន្ថយភាពសោកសៅរបស់ក្រុមគ្រួសារជនរងគ្រោះ ម្យ៉ាងទៀតមានស្តូបសម្រាប់រំលឹកវិញ្ញាណក្ខន្ធមានហើយ ៕