ជនជាតិអាល្លឺម៉ង់ម្នាក់ ក្លាយជាចោរ វាយប្លន់យកម៉ូតូពលរដ្ឋខ្មែរ ជិះតាមផ្លូវយកទៅលាក់នៅផ្ទះជួល
មណ្ឌលគិរី ៖ ជនជាតិអាល្លឺម៉ង់ម្នាក់ បានវាយប្លន់យកម៉ូតូរបស់ពលរដ្ឋខ្មែរ ដែលជិះតាមផ្លូវ រួចជិះម៉ូតូយកទៅលាក់ទុកនៅផ្ទះជួលរបស់ខ្លួនរួច ដោះគ្រឿងបន្លាស់ម៉ូតូចេញ ក្នុងគោលបំណងមិនឲ្យម្ចាស់រកឃើញ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង១១និង៤៦នាទី ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជនសង្ស័យឈ្មោះ christopher alexender (គ្រីស្តូហ្វើ អាលិចសែនឌ័រ) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅបណ្តោះអាសន្នផ្ទះជួល ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាន់លិខិតឆ្លងដែនលេខ C4KX801XC ។ ដោយមូលហេតុ ដើរជាមួយឆ្កែតាមដងផ្លូវ រួចឆ្កែរត់ចូលម៉ូតូតែមិនងាប់ឆ្កែនោះទេ តាមការធ្វើតេស្តទឹកនោមបង្ហាញថា ជននេះមានសារធាតុញៀន ជាវិជ្ជមាន ។ ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕