តែងតាំង លោកជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី ជំនួសលោកលី ឡេង
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំថ្មី ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា មុនពេលតែងតាំងនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរងខេត្តត្បូងឃ្មុំ បន្ទាប់ពីផ្លាស់ប្តូរមកពីខេត្តបាត់ដំបង។ ដោយឡែកលោក លី ឡេង ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យលោក ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា។
សម្រាប់ការប្រកាសចូលកាន់តំណែងជាផ្លូវការ នឹងធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលខេត្តត្បូងឃ្មុំ៕