តែងតាំងលោកប៉ែន កុសល្យ ជាអភិបាលថ្មីខេត្តឧត្តរមានជ័យ
ភ្នំពេញ ៖ ព្រះករុណាព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តមសីហមុនី បានចេញព្រះរាជត្រាស់បង្គាប់តែងតាំងលោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវផ្លាស់ប្តូរទៅកាន់តំណែងថ្មី។ នៅពេលបច្ចុប្បន្ននេះ លោក ប៉ែន កុសល្យ ជាអភិបាលរងខេត្តត្បូងឃ្មុំ។ យោងតាមព្រះរាជក្រិត្យចុះថ្ងៃ១២ វិច្ឆិកា ឆ្នាំ២០១៨ លោក ស ថាវី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវផ្ទេរពីអភិបាលខេត្តឧត្តរមានជ័យ ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ព្រះរាជក្រិត្យ បានត្រាស់បង្គាប់តែងតាំងលោកប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ៕