គ្រូសូត្រស្ដាំគង់នៅវត្តស្វាយជ្រំ ចាប់រំលោភក្មេងស្រី ត្រូវតុលាការកោះហៅ ឪពុកក្មេងស្រី ចូលសវនាការ ករណីជេរប្រមាថព្រះសង្ឃ ជូនជីតាជី
កណ្ដាល: រឿងក្ដីពាក់ព័ន្ធនឹងការចាប់រំលោភ ចម្រូងចម្រាស់ រវាងនារីវ័យក្មេងម្នាក់ និងព្រះសង្ឃ លន់ សុវណ្ណដា គ្រូសូត្រស្ដាំគង់ នៅវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្តឹងទៅ ប្តឹងមក រវាងភាគីទាំងពីរ។
នារីម្នាក់ បានប្ដឹងលោកគ្រូសូត្រស្ដាំ នៅវត្តស្វាយជ្រុំ មកសមត្ថកិច្ចនិងតុលាការដើម្បីឲ្យរកយុត្តិធម៌ឲ្យខ្លួន ដោយចោទព្រះសង្ឃសូត្រស្ដាំព្រះនាម លន់ សុវណ្ណដា បានចាប់រំលោភនាងបានសម្រេចក្នុងកុដិ រហូតមានទំនាក់ ទំនងស្នេហាជាមួយគ្នា អស់រយៈពេល៥ឆ្នាំ និងបានរំលូតកូននោះ នៅថ្ងៃទី ១៤ វិច្ឆិកានេះ សាលាដំបូងខេត្តកណ្ដាល បើកសវនាការសួរដេញដោលឪពុកក្មេងស្រីម្នាក់ដែលអះអាងថា ត្រូវព្រះសង្ឃ លន់ សុវណ្ណដា គ្រូសូត្រស្ដាំ នៅវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ចាប់រំលោភជាច្រើនលើកដោយអវត្តមានសង្ឃសង្ស័យ។
សាច់ញាតិព្រះសង្ឃ លន់ សុវណ្ណដា ឈ្មោះនី ដែលគណៈកម្មការវត្តស្វាយជ្រំ បានដាក់ពាក្យប្ដឹងឈ្មោះ ស៊ុន សូតសុផល ហៅ ស៊ុន ប៊ុច ភេទប្រុសអាយុ ៤៧ ឆ្នាំមានទីលំនៅនៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ត្រូវជាឪពុកក្មេងស្រីម្នាក់ជាប់ចោទពីបទ ប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ប្រព្រឹត្តនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ តាមបញ្ញត្តិមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ។
ការប្ដឹងបកវិញនេះ ធ្វើឡើងបន្ទាប់ពីលោកស៊ុន សូតសុផល ជាឪពុកក្មេងស្រីម្នាក់ឈ្មោះ ស.ច ឆ.វ អាយុ ១៩ ឆ្នាំ កាលពីថ្ងៃទី ២២ ខែមេសា បានស្រែកនៅក្នុងវត្តស្វាយជ្រំ ទាមទាររកយុត្តិធម៌ជូនកូនស្រីរបស់ខ្លួន ដោយចោទប្រកាន់គ្រូសូត្រស្តាំ និងជាសមណនិស្សិតនៃសាលាភូមិន្ទរដ្ឋបាល និងត្រូវជាក្មួយបង្កើតរបស់ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ និងជាអនុគណស្រុកខ្សាច់កណ្តាល ដោយចោទថា បានចាប់រំលោភសេពសន្ថវៈលើកូនស្រី អស់រយៈពេល ៥ ឆ្នាំរហូតមានកូន និងត្រូវរំលូតចោល។
លោក ឈួន សុភា តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចេញដីកាកោះហៅជនជាប់ចោទឲ្យចូលរួមសវនាការ ចុះថ្ងៃទី ៣ តុលា បានបញ្ជាក់ថា៖ “បង្គាប់មកឈ្មោះ ស៊ុន សូតសុផល ហៅ ស៊ុន ប៊ុច ភេទប្រុស អាយុ ៤៧ ឆ្នាំមានទីលំនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីចូលទៅកាន់ទីកន្លែងសាលសវនាការ នៃសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅវេលាម៉ោង ៩ព្រឹក នៅសាលសវនាការលេខ ២ ជាកំហិតដើម្បីធ្វើការជំនុំជម្រះ”។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានលើកឡើងថា ការចេញដីកានេះ យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងទៅជំនុំជម្រះលេខ ១៨៧ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបានបញ្ជូនសំណុំរឿងទៅតុលាការព្រហ្មទណ្ឌ នៃសាលាដំបូងខេត្តកណ្តាលដើម្បីជំនុំជម្រះពីបទ ប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ប្រព្រឹត្តនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ។
នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់សវនាការនេះ លោក ស៊ុន សូតសុផល ហៅ ស៊ុន ប៊ុច ជាឪពុកនារីរងគ្រោះបានថ្លែងថា លោកគ្រាន់តែស្រែកតវ៉ា ដើម្បីទាមទាររកយុត្តិធម៌ឲ្យកូនស្រី ដែលព្រះសង្ឃអង្គនេះ បានរំលោភតែប៉ុណ្ណោះ ប៉ុន្ដែបែរជាក្លាយទៅជាជនជាប់ចោទបែបនេះទៅវិញ។ លោកបានបន្ថែមថា បានស្នើឲ្យតុលាការនាំខ្លួនជនសង្ស័យ មកតតាំងគ្នា តើរឿងនេះពិតឬមិនពិត ហើយលោកបានស្នើអ្នកពាក់ព័ន្ធ ចុះទៅស្រាវជ្រាវនៅវត្តស្វាយជ្រំនេះ គឺមិនមានយាយជី តាជីនោះ ដែលប្តឹងចោទប្រកាន់ខ្ញុំ ហើយបើវត្តស្វាយជ្រំ មានយាយជីតាជីពិតមែន ខ្ញុំសុខទទួលទោសទាំងអស់។ លោក បានអរគុណដល់ចៅក្រមជំនុះជម្រះ បានសួរខ្ញុំតាមច្បាប់ត្រឹមត្រូវ និងក៏មិនមានការឃុំខ្លួនខ្ញុំដែរ។ លោក បានថ្លែងថា ថ្ងៃនេះ ចៅក្រមហៅខ្ញុំមក ដើម្បីបំភ្លឺក្នុងសំណុំរឿងជេរប្រមាថ ដូនជី តាជី គណៈកម្មការវត្ត និងលោកសង្ឃ ក្នុងវត្តស្វាយជ្រំ ចំណែកសំណុំរឿងលោកសង្ឃ ចាប់រំលោភកូនស្រីខ្ញុំ មិនមានការជំនុះជម្រះនោះទេ ដោយសារសំណុំរឿងផ្សេងគ្នា និងចៅក្រមកាន់សំណុំរឿងផ្សេងគ្នា។
ឪពុកក្មេងស្រីរូបនោះ បានបន្ថែមថា “ខ្ញុំមិនពេញចំពោះតុលាការមិនផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ ។ កូនស្រីរបស់ខ្ញុំ ត្រូវលោកសង្ឃ លន់ សុវណ្ណដា ចាប់រំលោភរយៈពេល៥ឆ្នាំហើយ អត់រកយុត្តិធម៌ឲ្យខ្ញុំផង ប៉ុន្តែគ្រាន់តែរឿងខ្ញុំនិយាយរឿងតូចធំលើសលស់បន្តិចបន្តួចក្នុងវត្ត តុលាការ បានចេញដីកាជំនុំជម្រះលើរូបខ្ញុំ ដែលជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ។ បើរឿងយុត្តិធម៌ តុលាការត្រូវដោះស្រាយរឿងកូនស្រីខ្ញុំឲ្យហើយ ចាំដោះស្រាយរឿងខ្ញុំតាមក្រោយ ។ ខ្ញុំជាឪពុករបស់ជនរងគ្រោះ រឿងធំប៉ុនណាណី ក្លាយទៅជារឿងជនជាប់ចោទទៅវិញ បើតុលាការស្រុកខ្មែរធ្វើតែអីចឹង ធ្វើឲ្យប្រជាពលរដ្ឋទុកចិត្តម៉េចបាន ។ ខ្ញុំសំណូមពរតែប៉ុណ្ណឹងទេ ហើយធ្វើម៉េចឲ្យមានយុត្តិធម៌សម្រាប់រូបខ្ញុំ”។
លោក ក៏បានស្នើដល់តុលាការខេត្តកណ្តាល ជួយរកយុត្តិធម៌ដល់កូនខ្ញុំផង ព្រោះតុលាការបានកោះហៅលោកសង្ឃរូបនោះ ចំនួន២ដងហើយ ដើម្បីមកបំភ្លឺ ប៉ុន្តែព្រះអង្គនោះ មិនបង្ហាញខ្លួនចូលបំភ្លឺនៅតុលាការនោះទេ ដូច្នេះស្នើសុំតុលាការ ជួយយុត្តិធម៌ជូនកូនរបស់ខ្ញុំផង ព្រោះខ្ញុំមិនមានលុយ សម្រាប់ជួលមេធាវី មកតតាំងរឿងក្តីនេះទេ សុំត្រឹមតែយុត្តិធម៌តែប៉ុណ្ណោះ និងជាពិសេសស្នើសុំសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយដល់ខ្ញុំផង ព្រោះខ្ញុំជាកងទ័ព ធ្វើការមួយថ្ងៃរស់មួយថ្ងៃទេ។
មុនពេលតុលាការកោះហៅនេះ ឪពុកក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៨ បានដាក់ពាក្យប្ដឹងព្រះសង្ឃ លន់ សុវណ្ណដា ដោយចោទពីបទ រំលោភ និងរួមភេទជាមួយអនីតិជនវ័យក្រោម ១៥ ឆ្នាំព្រោះការប្រព្រឹត្តតាំងពីនាងនៅអាយុ ១៣ ឆ្នាំ ដោយទាមទារសំណង ២០ ម៉ឺនដុល្លារ។ ក្រោយពីដាក់ពាក្យបណ្ដឹងតុលាការបានកោះហៅព្រះសង្ឃ លន់ សុវណ្ណដា ចំនួន ២ លើកហើយ ប៉ុន្តែសង្ឃអង្គនេះមិនចូលខ្លួនបំភ្លឺដោយកំពុងរត់ភៀសខ្លួន។
រឿងស្រីប្រកាន់ប្រុសប្រកែក កើតជារឿងប្ដឹងទៅ ប្ដឹងមក ខណៈអង្គហេតុតែមួយ គឺផ្ដើមចេញពីការរួមភេទ រវាងព្រះសង្ឃនិងនារីជាអនិតិជន ប៉ុន្តែឥឡូវសំណុំរឿង២ កំពុងបន្តនីតិវិធី។
រឿងទី១ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល។
ដែលមានជនជាប់ចោទ ឈ្មោះ ស៊ុន សូតសុផល ហៅ ស៊ុនប៊ុច ភេទប្រុស អាយុ៤៧ឆ្នាំមានទីលំនៅ ឃុំស្វាយជ្រំ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្ដាល ជាឪពុកបង្កើតរបស់នារីរងគ្រោះ ជាប់ចោទពីបទ៖ ប្រមាថចំពោះព្រះសង្ឃ ដូនជីនិងតាជី ដែលបានប្រព្រឹត្តទៅនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះ ក្រុមគ្រួសារនារីរងគ្រោះ បានប្រាប់ថា ឈ្មោះ ស៊ុន សូតសុផល ជាឪពុកនារីរងគ្រោះ គឺគ្រាន់តែស្រែកតវ៉ា ក្ដែងៗដើម្បីទាមទារ រកយុត្តិធម៌ឲ្យកូនស្រី តែប៉ុណ្ណោះ មិនគួរណារូបគាត់ក្លាយ ទៅជាជនជាប់ចោទ បែបនេះសោះ។
ហើយតុលាការ បានបង្គាប់ឲ្យលោក ចូលក្នុងសវនាការជំនុំជម្រះ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ស៊ុន សូតសុផល បានថ្លែងថា ខ្ញុំហួសចិត្តខ្លាំងណាស់ ចំពោះនីតិវិធីតុលាការខេត្តកណ្ដាល ក្នុងនាមខ្ញុំជាឪពុកម្នាក់ ហើយកូនស្រី ត្រូវបានព្រះសង្ឃ លន់ សុវណ្ណដា ចាប់រំលោភនាង នៅក្នុងកុដិ តាំងពីនៅក្មេង រួចលួងលោម បោកបញ្ឆោត នាងរួមភេទ ក្នុងនៃស្នេហា ជាហូរហែរហូត បែកធ្លាយរឿងទាំងដែល លន់ សុវណ្ណដា ជាព្រះសង្ឃ។
សំណុំរឿងទី២ ក្នុងសំណុំរឿងលេខ៦២៩ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្ដាល។ ដែលមានដើមចោទ ជានារីរងគ្រោះឈ្មោះ ស ច ឆវ អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
និងមានចុងចោទជាព្រះសង្ឃ លន់ សុវណ្ណដា ដោយទារសំណង២០ម៉ឺនដុល្លារ ពីបទ៖ រំលោភ និងរួមភេទជាមួយអនិតិជន វ័យក្រោម១៥ឆ្នាំ ព្រោះការប្រព្រឹត្ត តាំងពីនាងនៅអាយុ១៣ឆ្នាំ។ ក្នុងសំណុំរឿងនេះ ព្រះរាជអាជ្ញាបានកោះ ហៅ ព្រះសង្ឃ លន់ សុវណ្ណដា ចំនួន២លើក ហើយ ប៉ុន្តែសង្ឃអង្គនេះ មិនចូលខ្លួនបំភ្លឺទេ ទំនងភៀសខ្លួនបាត់ហើយ ធ្វើឲ្យបណ្ដឹងមួយនេះ អនុវត្តនីតិវិធីយឺតយ៉ាវ មិនទាន់មានដីកាចាប់ខ្លួន។ ផ្ទុយទៅវិញ បែរជាតុលាការ អនុវត្តនីតិវិធីចោទប្រកាន់មកលើឪពុកនារីរងគ្រោះ លឿនដូចរន្ទះ។ ទាំងដែលរូបគាត់ ស្រែកតវ៉ា ដើម្បីរកយុត្តិធម៌ តាមបណ្ដាញសារព័ត៌មាន ម្ដងជាពីរដងនៅមុខវត្តស្វាយជ្រំ ។
គួររំលឹកថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ នារីម្នាក់ បានប្ដឹងលោកគ្រូសូត្រស្ដាំ នៅវត្តស្វាយជ្រំ មកសមត្ថកិច្ច និងតុលាការ ដើម្បីឲ្យរកយុត្តិធម៌ឲ្យខ្លួន។ ជាមួយគ្នានោះ នាងបានអះអាងថា កាលនាងអាយុ១៣ឆ្នាំ មិនទាន់ដឹងក្ដី នាអំឡុងឆ្នាំ២០១៤ ។
ព្រះសង្ឃសូត្រស្ដាំព្រះនាម លន់ សុវណ្ណដា គង់នៅវត្តស្វាយជ្រំ បានចាប់រំលោភនាង បានសម្រេចក្នុងកុដិម្ដង។
រួចក៏ប្រើពាក្យសម្ដីផ្អែមល្ហែម លួងលោមនាង រហូតមានទំនាក់ ទំនងស្នេហាជាមួយគ្នា អស់រយៈពេល៥ឆ្នាំ និងបាន រំលូតកូនម្ដង ចុងក្រោយព្រះសង្ឃ មិនព្រមសឹក ចូលដណ្ដឹងនាង ហើយប្រុងដោះដៃ ធ្វើឲ្យនាងធ្លាក់ខ្លួនឈឺចាប់ ទើបដាក់ពាក្យប្ដឹង៕