ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះ២ខ្នងទាំងស្រុង និងដាលដល់២ខ្នងទៀត បណ្តាលឲ្យរងការខូចខាត នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ
ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះខូចខាតផ្ទះ មួយខ្នងអស់ទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះ មួយទៀតទៀត។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១០៖១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ននាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យ ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន ស្មើរនឹង៤៤ម៉ែត្រគូប, រថយន្តជំនួយមកពីបុរី វិមានភ្នំពេញ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរហ្គេងស្បឺត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ ឈើលើថ្មក្រោម ទំហំ (៦ម៉ែត្រ គុណ ១១ម៉ែត្រ) ឆេះខូចខាតផ្ទះ ទំហំ (៦ម៉ែត្រ គុណ១១ម៉ែត្រ) ចំនួន ០១ខ្នង រួមទាំងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ហើយឆេះរាលដាល់ដល់ផ្ទះឈើចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមមានម៉ូតូ ០១គ្រឿង ម៉ាក Viva ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AW-6129 ព្រមទាំងឆេះរាលដាលដល់ជញ្ជាំងផ្ទះវិឡាខូចខាត ២០% និងឆេះរាលដាល់ជញ្ជាំងផ្ទះថ្មខូចខាត ១០%។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១១និង១៥នាទីព្រឹកនាថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយនៅក្នុងនោះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕