ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ចេញពន្យល់ពីរឿងកំពង់ផែទេសចរណ៍នៅខេត្តកំពត

47

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានណែនាដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញមកពន្យល់ករណីកំពង់ផែទេសចរណ៍ខេត្តកំពត ដែលរងការរិះគន់ថា សាងសង់រួចហើយ តែមិនអាចប្រើប្រាស់បានដោយសារតែទឹករាក់ មិនអាចឱ្យនាវាចេញចូលបាន។

ការណែនាំបែបនេះ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «មានអ្នកខ្លះគេឆ្ងល់ថាធ្វើផែហើយច្រើន ម៉េចមិនដើរ បន្តិចទៀតក្រសួងសាធារណការ នឹងចេញពន្យល់ឱ្យច្បាស់ព្រោះផែមួយៗ មិនមែនធ្វើមកដោយចៃដន្យទេ ដូចជាផែADB (ផែនទេសចរណ៍នៅខេត្តកំពត ) ដែលមានការសិក្សាពី ADB យើងត្រូវធ្វើឱ្យវាដើរ។ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នជំនាញសូមចេញពន្យល់ ព្រោះមិនមែននាយករដ្ឋមន្ត្រីកាន់មេក្រូត្រូវពន្យល់ទេ ខាងបច្ចេកទេសត្រូវចេញពន្យល់។ ថ្ងៃមុនឃើញពីណានោះ ចេញសារមកវាយរឿងនេះ ហើយគេស៊ែររាប់លាននាក់ អីចឹងចាំបាច់ត្រូវក្រសួងក្តាប់ឱ្យជាប់ចេញពន្យល់ភ្លាម ដើម្បីឱ្យប្រជាជនដឹង កុំថារដ្ឋយើងមកធ្វើអត់ទទួលខុសត្រូវចេះតែយកលុយមកចាយ អត់ទេដើម្បីផលប្រយោជន៍យើងត្រូវចេញពន្យល់»

សម្តេចបន្ថែមទៀតថា «ប្រជាពលរដ្ឋភាគច្រើនគាត់អត់ដឹង បើគាត់ឮតែគេនិយាយម្ខាង ហើយយើងស្ងាត់គាត់គិតថាពិត អីចឹងត្រូវចេញពន្យល់ ឯកឧត្តម ស៊ុន ចាន់ថុល គាត់ដឹងរឿងនេះ ព្រោះគាត់ធ្លាប់កាន់ពីមុនហើយសហការជាមួយឯកឧត្តម ប៉េង ពោធិ៍នា ត្រូវចេញពន្យល់រឿងផែទេសចរណ៍កំពតនេះ»

សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តកំពត ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិកា របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជាង ១៨លានដុល្លារអាមេរិក។ ដំណើរការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

កំពង់ផែបម្រើផ្នែកទេសចរណ៍នៅក្នុងខេត្តកំពតនេះ ស្ថិតនៅជាប់នឹងដងព្រែក ដែលជាដៃសមុទ្រ ស្ថិតក្នុងស្រុកទឹកឈូ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេសចរណ៍សមុទ្រនេះ សាងសង់ឡើងលើដីទំហំជាង ៤ហិកតា ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុង នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២។

តាមផែនការ កំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្ម និងគណៈកម្មការវាយតម្លៃជ្រើសរើសដៃគូឯកជន ដើម្បីអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ហើយក្នុងឱកាសចុះពិនិត្យកំពង់ផែទេសចរណ៍កំពត កាលពីខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ពន្លឿនការជ្រើសរើសប្រតិបត្តិករកំពង់ផែនេះផងដែរ។ នៅខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មការបានជ្រើសរើសប្រតិបត្តិករកំពង់ផែ និងបានប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់ផងដែរ។

ការរើសបានប្រតិបត្តករកំពង់ផែទេសចរណ៍កំពតនេះ រៀបចំឡើងតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships-PPP) ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង