សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរមានសមត្ថភាពធ្វើអ្វីដែលជារបស់ខ្មែរ មិនចាញ់បរទេសនោះទេ
ព្រះសីហនុ៖ថ្លែងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ដរាបណាខ្មែរមានសុខសន្តិភាព កូនខ្មែរមិនអន់នោះទេ គឺមានសមត្ថភាពធ្វើអ្វីដែលជារបស់ខ្មែរ មិនចាញ់គេនោះទេ។
គួរបញ្ជាក់ដែរថា កិច្ចសំណេះសំណាលនេះធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បើដរាបណាយើងមានឱកាសមានសុខសន្តិភាពកូនខ្មែរមិនអន់ទេ បុព្វបុរសយើងពេលមានសុខសន្តិភាព មានអំណាចធ្វើប្រាង្គប្រាសាទរាប់ពាន់កន្លែងបានកូនខ្មែរជំនាន់ក្រោយក៏មានជីនដែរ គ្រាន់តែអត់ឱកាស ឥឡូវឱកាសធំបំផុតគឺការថែរក្សាសុខសន្ដិភាព ស្ថេរភាពទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបន្តកសាងសមិទ្ធផលប្រវត្តិសាស្ត្រតទៅទៀត»។
នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូនេះថា កម្ពុជាចង់តែរស់ទេដោយសេចក្តីសុខ ចង់ឱ្យតែកូនចៅខ្មែរឃើញនូវពន្លឺសន្តិភាព ថែរក្សាឱ្យបាន ចង់ឲ្យតែកូនខ្មែរអាចធានាបាននូវសមិទ្ធផលផ្សេងៗ ដើម្បីផលប្រយោជន៍របស់ខ្លួនយកតែមួយសុខទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការចង់បានតែមួយសុខនេះ មិនមែនថាចង់សម្ងំសុខហើយមិនជួយអ្នកណានោះទេ កម្ពុជាបានបញ្ជូនទ័ពមួកខៀវទៅក្រៅប្រទេស ដោយចងក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មតំបន់ គឺកម្ពុជាបានជួយហើយមិនមែនសម្ងំយកតែសុខទេ ប៉ុន្តែក្នុងរូបភាពរស់បានសេចក្ដីសុខ កូនខ្មែរគ្រប់ជំនាន់ធ្វើយ៉ាងម៉េចជៀសឲ្យផុតពីសង្គ្រាមដែលធ្លាប់មាន ៥០០ឆ្នាំហើយ ហើយពេលនេះយើងទទួលបានសុខសន្តិភាព យើងត្រូវធ្វើយ៉ាងណាឱ្យសុខសន្តិភាពនេះបានបន្តទៅមុខទៀត និងកាន់តែរីកចម្រើន ដើម្បីកសាងសមិទ្ធផលធំៗជូនជាតិបន្តទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះយើងបានកសាងសមិទ្ធផលច្រើន ហើយក្នុងរយៈពេល៨ខែនេះ សម្តេចមានឱកាសដើម្បីសម្ពោធសមិទ្ធផលជាលក្ខណៈប្រវត្តិសាស្ត្រធំៗ ដែលបានកសាងចាប់ពីអាណត្តិសម្ដេចតេជោមក មានដូចជាព្រលានយន្តហោះកម្រិតអន្តរជាតិ កំពង់ផែអន្តរជាតិ ផ្លូវ ហើយនៅពេលខាងមុខទៀតមានព្រែកជីកកម្រិកប្រវត្តិសាស្ត្រថែមទៀត៕