ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​មន្ទីរ​សាធារណការ​ រាជធានីជាង​៦០០នាក់​ក្រោយពិនិត្យទឹកនោមមិនមានសារធាតុ​ញៀន​ក្នុង​ខ្លួន​ឡេីយ

40

ភ្នំពេញ​៖​ អនុវត្តតាមវិធានការដ៏ម៉ឺងម៉ាត់និងមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ គឺបើរកឃើញមានមន្ត្រី ណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវ បណ្តេញ ចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងនោះ។

     ជាក់ស្តែង​ កាលពី​ព្រឹកថ្ងៃទី២ខែ​ឧសភា​នេះ ក្រោមការណែនាំពី​ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ចំណុះអោយមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ ត្រូវបានពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀនក្នុងខ្លួន។

  ការពិនិត្យទឹកនោមស្វែងរកសារធាតុញៀននេះបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរ​សាធារណការ​ រាជធានីភ្នំពេញ ។

  គួរបញ្ជាក់ថា មន្ត្រីបំរើការងារនៅ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ មានសរុបចំនួន៦៣០រូប រួម​ទាំង​មន្ត្រី​កិច្ចសន្យា​ផងដែរ​  ហើយក្នុងចំនួននេះ ក្រោយការពិនិត្យ គឺមិនមានមន្ត្រីណាម្នាក់ មានសារជាតិញៀននៅក្នុងខ្លួនឡើយពោលគឺល្អ១០០%។

  គួរំលឹកថា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លែងមកនេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

     ដោយតម្រូវអោយ៖១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែងនិង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕

អត្ថបទដែលជាប់ទាក់ទង