ប្រធានសិទ្ធមនុស្សកម្ពុជា អះអាងថា សិទ្ធិទទួលបានព័ត៌មាន ត្រូវបានធានានិងការពារដោយច្បាប់
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស និង កិច្ចសហការអន្តរជាតិយ៉ាងល្អ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយលេចធ្លោ និងឈានមុខគេក្នុងតំបន់ ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។
ប្រធានសិទ្ធមនុស្សកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន មួយ ស្តីពី ពស្ថានភាពសិទ្ធមនុស្ស នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែឧសភា នេះថា កម្ពុជាបានចូលសូមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយ យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ ហើយកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាបាន ដែលបានស្វាគមន៍ទាំងវត្តមានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ព្រមទាំងការិយា ល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះ កម្ពុជាក៏មិនដែលបានបដិសេធ ចំពោះសំណើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសណាមួយឡើយ ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការងារ លើកកម្ពស់ និងការពារសិទ្ធិមនុស្សថែមទៀត។
ឯកឧត្តម ប្រធានបញ្ជាក់ថា កម្ពុជាក៏បានចូលរួមយ៉ាងសកម្ម ក្នុងយន្តការសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ក្នុងនាមជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា (AICHR) តែងតែចូលរួមក្នុងកិច្ចប្រជុំ ក៏ដូចជាកម្មវិធីសកម្មភាពចម្បងផ្សេងៗផងដែរ។
សិទ្ធិរស់រានមានជីវិត ត្រូវបានធានាដោយផ្តើមចេញពីការសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋពី របបប្រល័យពូជសាសន៍ ប៉ុល ពត និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសតាមរយនយោបាយ ឈ្នះ-ឈ្នះ ហើយដែលសន្តិភាពនេះគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ។
មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមាយៈកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ចំពោះសិទ្ធិទទួលព័ត៌មាន គឺត្រូវបានធានានិងការពារ តាមរយៈយន្តការច្បាប់ និងស្ថាប័ន និងការអនុញ្ញាតឱ្យបង្កើតនិងដំណើរការស្ថាប័នព័ត៌មានទាំងជាតិនិងអន្តរជាតិនៅកម្ពុជា ដែលធ្វើការផ្សព្វផ្សាយដោយសេរី។ ប្រព័ន្ធផ្សព្វផ្សាយជាង២០០០ និងអ្នកសារព័ត៌មានរាប់ម៉ឺននាក់ ដែលមានទាំងសំឡេងរិះគន់ រដ្ឋាភិបាល បាននឹងកំពុងដំណើរការ តាមរបៀបបែបប្រពៃណីនិងឌីជីថលដោយគ្មានការត្រួតពិនិត្យជាមុនឡើយ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា ៖កម្ពុជាជារដ្ឋអធិបតេយ្យ និងឯករាជ្យ មានសន្តិភាពពេញលេញ មាននីតិរដ្ឋ និងស្ថិរភាពនយោបាយ ដែលមានព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ស្របតាមបរិបទនៃសង្គមខ្មែរ។ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ ត្រូវបានការពារយ៉ាងខ្លាំងក្លាពីកម្លាំងជាតិទាំងមូល ដែលរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាល។ ប្រទេសកម្ពុជាបានប្រែក្លាយពីវាលពិឃាត ពីសមរភូមិនៃសង្គ្រាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីដែលសេដ្ឋកិច្ចជាតិត្រូវបានបំផ្លាញ ទៅជាទឹកដីសន្តិភាព ឯកភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋនិងការអភិវឌ្ឍលើគ្រប់វិស័យ៕ដោយសំអាត