ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខការពារលោកជំទាវជាភរិយា និងទម្លាយពីចរិតពិត គឺមិនលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី

36

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញមុខការពារភរិយារបស់សម្ដេច គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយសម្ដេចបានលើកឡើងថា លោកជំទាវគឺជាភរិយាមួយរូបដែលមិនលូកលាន់ការងារស្វាមីជាដាច់ខាត សូម្បីរឿងតូចតាច ដូច្នេះកុំនិយាយដល់រឿងអន្ដរាគមន៍តំណែងមន្រ្ដី គឺភរិយារបស់សម្ដេចមិនធ្វើនោះទេ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវ ពេជ ចន្ទមុនី អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុន លោកជំទាវសួរសម្ដេចថា ម៉េចបានគេជេរសម្ដេចថាជាយួនជនផ្ដាច់ការ និងថាពុករលួយ សម្ដចតបប្រាប់លោកជំទាវវិញថា ធ្វើម៉េចបើជាប្រពន្ធនាយករដ្ឋមន្រ្ដីទៅហើយ ដូច្នេះត្រូវតែប្រឈមនឹងបញ្ហាខ្លះៗ។

សម្ដេចបានបន្តថា ប្រជាពលរដ្ឋបានឃើញសកម្មភាពរបស់លោកជំទាវជាច្រើនក្នុងសង្គម តាមរយៈសកម្មភាពនានា ដូចជា សកម្មភាពកាលជំនានកូវីដ១៩ជាដើម កិច្ចការសង្គមជាមួយក្រុមគ្រូពេទ្យ TYDA ការចុះមូលដ្ឋានជួយប្រជាពលរដ្ឋ និងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋជាដើម ពិសេសគឺភាពសាមញ្ញារបស់លោកជំទាវ និងមានភាពរួសរាយរាកទាក់ទោះបីលោកជំទាវក្លាយជាស្ត្រីទី១ ក៏មិនប្រែប្រួលឡើយ។

សម្ដេចធិបតីបានបន្ដថា «គាត់ជាភរិយាដែលមិនដែលលូកលាន់ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿងអន្តរាគមន៍តំណែងមន្ត្រី រឿងពាក់ព័ន្ធជាមួយកិច្ចការងារប្ដី ភរិយារបស់ខ្ញុំមិនដែលពាក់ព័ន្ធនោះឡើយ តាំងពីខ្ញុំនៅកាន់អង្គភាពដំបូងមកម្ល៉េះ គឺភរិយារបស់ខ្ញុំមិនទៅក្បែរតែម្ដង ប្រសិនបើមានកិច្ចការងារ ឬបុណ្យទានផ្សេងៗភរិយាខ្ញុំ សុខចិត្តជួយពីចម្ងាយដើម្បីកុំឲ្យមានពាក្យ»

លោកជំទាវបានបញ្ចប់ការសិក្សាបរិញ្ញាបត្រឱសថសាស្ត្រនៅសាកលវិទ្យាល័យជាតិសុខាភិបាល និងបានបន្តបរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ជំនាញសុខភាពសាធារណៈ ចប់ទៅក៏បន្តថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេស។ ពេលគាត់ត្រឡប់មកវិញ ក្រសួងសុខាភិបាលក៏សុំឱ្យលោកជំទាវធ្វើការជួយក្រសួងបម្រើប្រជាជនដែរ តែលោកជំទាវមានឆន្ទៈចង់ចុះជួយប្រជាជនដោយផ្ទាល់នៅមូលដ្ឋានក្នុងលក្ខណៈសាមញ្ញ ហើយមកដល់ម៉ោងនេះក៏លោកជំទាវមិនប្រែប្រួលដែរ គឺនៅតែយកចិត្តទុកដាក់លើសុខភាពសាធារណៈ ពិសេសជាមួយសមាគមពេទ្យ TYDA។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណចំពោះភរិយា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលជួយបម្រើប្រជាជន និងប្រទេសជាតិ ជួយអាយុជីវិតប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ នោះគឺកាលពីអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលចេញមកជួយការពារគ្រួសាររបស់សម្ដេច នៅពេលមានក្រុមប្រឆាំងចេះតែយករឿងផ្សេងៗមកវាយប្រហារ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ សម្ដេចថា ក្នុងនាមជាប្ដី គឺត្រូវតែការពារកិត្តិយសភរិយា និងគ្រួសារ មិនឱ្យអ្នកណាមកបំពានបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង