ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅអ្នកព័ត៌មាន ព្យាយាមធ្វើជាអ្នកផ្តល់ព័ត៌មានកុំដើរតួជាតុលាការ

37

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងស្នើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឫមិនមាន គឺត្រូវមានឆន្ទៈចង់ផ្តល់ព័ត៌មានដែលពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែសុំដើរតួជាអ្នកព័ត៌មាន កុំដើរតួរធ្វើជាតុលាការ ធ្វើជាអ្នកកាត់ទោស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។

ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះដែរជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសារព័ត៌ មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង រាល់ ឆ្នាំ ពោលគឺបានធ្វើឡើងចំនួន ៥លើក មកហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសំណូមពរបងប្អូនផង នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឫមិនមានអាជ្ញាប័ណ្ណ ជាឆន្ទៈរបស់យើង យើងចង់ផ្តល់ព័ត៌មានពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែលទ្ធភាពពេលវេលាខ្លះយើងអត់មាន យើងបានមួយជ្រុង ប៉ុន្តែខ្ញុំសុំដើរតួជាអ្នកព័ត៌មាន ប៉ុន្តែកុំដើរតួរជាអ្នកធ្វើតុលាការ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងបានដឹងពីព័ត៌មានមួយជ្រុងហើយ ព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតមកផ្គុំគ្នាឱ្យបានគ្រប់គ្រុងជ្រោយ ហើយសូមកុំធ្វើការវិនិច្ឆ័យមុន ត្រូវខិតខំព្យាយាមរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ ការស្រាវជ្រាវឱ្យបានគ្រប់ទម្រង់ និងគ្រប់ជ្រុងជ្រោយនេះ សូមលើកទឹកចិត្តគឺផ្សាយមិនមែនកាន់ជើងអ្នកណាទេ គឺផ្សាយក្នុងនាមឆន្ទៈរបស់យើងជាអ្នកអព្យាក្រិត ជាអ្នកប្រមូលព័ត៍មានឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីផ្សព្វផ្សាយ។

សម្តេចមហាបវរធិបតី ក៏បានស្នើសុំឱ្យអ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ជំហរ មានក្រប់សីលធម៍ វិជ្ជាជីវៈឱ្យបានច្បាស់ មិនថាព័ត៌មាននោះជាវេជ្ជមាន ឫអវិជ្ជមាននោះទេ គឺត្រូវព្យាយាមរកឱ្យបានគ្រប់ជ្រុងជ្រោយ ផ្សាយទៅតាមអ្វីដែលយើងអាចធ្វើបាន គឺកុំឱ្យយើងក្លាយជាអ្នកយកព័ត៌មានផង ជាអ្នកកាត់ទោសផង៕

អត្ថបទដែលជាប់ទាក់ទង