សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសើរថា ៖ លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ
ភ្នំពេញ ៖ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សរសើរថា ៖លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ រីឯស្ថានភាពសេរីភាពនៃការបញ្ចេញមតិក៏នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ៥ពាន់នាក់ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា «លម្ហសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថាអ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។
សម្ដេចបានបន្តថា បច្ចុប្បន្ន ក្នុងបរិការនៃបដិវត្តឧស្សាហកម្មទី៤ កម្ពុជាមានការរីកចម្រើនខ្លាំងផ្នែកប្រព័ន្ធសារព័ត៌មាន ស្របពេលដែលកម្ពុជាបើកទូលាយផ្នែកសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីសារព័ត៌មាន ការបើកអាជីវកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយបានបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មានជាដើម។
យោងតាមរបាយការណ៍របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្ដេចធិបតីបានបញ្ជាក់ជាថ្មីថា «តាមស្ថិតិរបស់ក្រសួងព័ត៌មាន មានអ្នកសារព័ត៌មានប្រមាណ១ម៉ឺននាក់ និងស្ថាប័នសារព័ត៌មានជាង២ពាន់អង្គភាព»។
សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន និងគ្រប់ភាគី ដែលបានដាក់ចេញនូវចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាព សំដៅធ្វើឱ្យកាន់តែមានភាពប្រសើរឡើងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ដូចជាលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
សម្ដេចបានកោតសរសើរចំពោះការបោះពុម្ភផ្សាយរបាយការណ៍ស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលឈរលើស្ថានភាពពិតជាក់ស្ដែង ដែលមានអ្នកសារព័ត៌មានកំពុងប្រកបអាជីពវិជ្ជាជីវៈគ្រប់ៗរូបជាសាក្សី។ លទ្ធផលនៃការស្ទង់មតិលើអ្នកសារព័ត៌មានសរុបចំនួន៣៤១នាក់ មានមនុស្សចំនួន៧៩.៨ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ៧១ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ និង៨.៨ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា រយៈពេលជាង៤៥ឆ្នាំកន្លងមក ព័ត៌មានស្ដីពីសមិទ្ធផល និងស្នាដៃនានារបស់រាជរដ្ឋាភិបាល ត្រូវបានចែករំលែកផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័សទាន់សភាពការណ៍ និងទូលំទូលាយ ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា។ សកម្មភាពទាំងនេះសុទ្ធតែមានការចូលរួម ដោយមិនអាចខ្វះបានពីអ្នកសារព័ត៌មានដែលបានខិតខំពុះពារ ជម្នះរាល់ឧបសគ្គក្នុងការយកព័ត៌មាន ដើម្បីផ្សព្វផ្សាយបានរហ័ស ទាន់សភាពការណ៍ និងបានទូលំទូលាយអំពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រនាពេលកន្លងមក៕