លោក ណៅ ធួក បានមានចម្ងល់ត្រង់ថា ហេតុអ្វីអត់មានផាកពិន័យឬផ្តន្ទាទោសបន្តិចសោះ ចំពោះអ្នកគៃបំបាត់ប្រេងពីអ្នកទិញ
ភ្នំពេញ៖ បន្ទាប់ពីមានការផ្សាយថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ការចុះមកត្រួតពិនិត្យ តាមបណ្ដាលស្ថានីយ និងដេប៉ូប្រេងសាំង នៅក្នុងខេត្តតាកែវ ពីសំណាក់រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីកាំកុងត្រូល ខេត្តតាកែវ បានរកឃើញស្ថានីយ និងដេប៉ូលក់ប្រេងសាំងមួយចំនួនធំ លក់មិនមានភាពប្រក្រតីនោះទេ។ នៅព្រឹក ថ្ងៃ១៤ វិច្ឆិកា ២០១៨ លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីបានឮទូរទស្សន៍អប្សារាផ្សាយថា៖
មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន បានគៃបំបាត់ប្រេងពីអ្នកទិញពី ៣ ទៅ ១០ភាគរយ។
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក ណៅ ធួក បានមានចម្ងល់ត្រង់ថា ហេតុអ្វីអត់មានផាកពិន័យឬផ្តន្ទាទោសបន្តិចសោះ ដោយគ្រាន់តែធ្វើកិច្ចសន្យា បញ្ឈប់ការប្រព្រឹត្ត ចុះប្រេងដែលលួចរាប់ឆ្នាំមកហើយអស់រាប់ពាន់រាប់ម៉ឺនលីត្រ តើគិតយ៉ាងណា។
លោក ណៅ ធួក បានសរសេរថា ” នៅព្រឹកមិញនេះ ថ្ងៃ១៤ វិច្ឆិកា ២០១៨ ខ្ញុំបានឮទូរទស្សន៍អប្សារាផ្សាយថា មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនបានគៃបំបាត់ប្រេងពីអ្នកទិញពី ៣ ទៅ ១០%! តែគួរឱ្យឆ្ងល់! អត់មានផាកពិន័យ ឬផ្តន្ទាទោសបន្តិចសោះ! គ្រាន់តែធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្ត! សួរថា ចុះប្រេងដែលលួចរាប់ឆ្នាំមកហើយ អស់រាប់ពាន់រាប់ម៉ឺនលីត្រ តើគិតយ៉ាងណា? ហេតុអ្វីចោរលួចកង់ ម៉ូតូ ដែលមានតម្លៃតែបន្តិចបន្តួចសោះ ហេតុអ្វីត្រូវជាប់គុក? ឯចោរដែលលួចប្រេងអស់វាល់ម៉ឺនរាប់សែនដុល្លា គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់!”។
ចំណែកបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានបញ្ចេញនូវមតិដោយសូមគាំទ្រទាំងស្រុង ចំពោះចម្ងល់របស់លោក ណៅ ធួក ដែលអាចធ្វើឲ្យអ្នកកាន់ច្បាប់ អនុវត្តន៍ច្បាប់ ដេកដើរ ដួកលើច្បាប់ និងកំពុងតែស្រវឹងលើច្បាប់ អាចនឹងស្វាងចែលមួយអន្លើដែរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃការចុះមកត្រួតពិនិត្យ តាមបណ្ដាលស្ថានីយ និងដេប៉ូប្រេងសាំង នៅក្នុងខេត្តតាកែវ ពីសំណាក់រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីកាំកុងត្រូល ខេត្តតាកែវ បានរកឃើញស្ថានីយ និងដេប៉ូលក់ប្រេងសាំងមួយចំនួនធំ លក់មិនមានភាពប្រក្រតីនោះទេ។
លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់បានថ្លែងថា ក្នុងចំណោមស្ថាននីយ និងដេប៉ូប្រេងសាំងចំនួន១៣ ដែលធ្វើការត្រួតពិនិត្យបានរកឃើញមានស្ថានីយ និងដេប៉ូប្រេងសាំងចំនួន៤ទីតាំងមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ, ២ទីតាំងមិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ដោយឡែក៧ទីតាំងទៀត គឺមិនមានអនុលោមភាពផ្នែកបរិមាណ។ ចំពោះថ្លៃលក់រាយរបស់ស្ថានីយ និងដេប៉ូប្រេងសាំងទាំង១៣ ទីតាំងបានអនុវត្តន៍ត្រឹមត្រូវ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងថា ចំពោះស្ថាននីយប្រេងសាំងលក់មិនមានគុណភាព មន្រ្តីជំនាញបានដកហូតយកគំរូទៅវិភាគ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ហើយបើយើងរកឃើញថា ប្រេងសាំងទាំងអស់នេះ នៅតែលក់មិនគ្រប់លីត្រ និងមិនមានគុណភាពដូចអ្វីដែលយើងពិនិត្យ នៅរថយន្តពិសោធន៍ យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញ និងសេវា។
លោកបានសង្កត់ធ្ងន់ថា នេះជាការអនុវត្តន៍ច្បាប់ ដោយមិនមានការអប់រំតទៅទៀតនោះទេ។ ស្ថាននីយណាមួយដែលលក់ប្រេងសាំងមិនគ្រប់លីត្រ ឬមិនមានគុណភាព ត្រូវតែទទួលការពិន័យទៅតាមច្បាប់កំណត់។
នៅក្នុងឱកាសនោះដែរ លោកប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការអំពាវនាវឲ្យម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងសាំងទាំងអស់ សូមលក់ឲ្យគ្រប់លីត្រ មានគុណភាពល្អ ដើម្បីបំរើសេដ្ឋកិច្ចសាធារណៈ និងផ្ដល់ជំនឿទុកចឹត្តពីសំណាក់អ្នកប្រើប្រាស់។
គួរបញ្ចាក់ថា ស្ថានីយ និងដេប៉ូចែកចាយប្រេងសាំង២ ដែលខុសទាំងបរិមាណ និងគ្មានគុណភាពនោះ គឺដេប៉ូរបស់លោក ឈាវ លាំង ដែលមានទីតាំងនៅក្នុងស្រុកត្រាំកក់ និងមួយទៀតជាដេប៉ូរបស់លោក ជៀក ច្រូវ។ ដោយឡែកស្ថាននីយ៍ និងដេប៉ូ៧ទៀត ដែលលក់ខុសបរិមាណ គឺភាគច្រើនស្ថិតនៅក្នុងស្រុកត្រាំកក់ និងមួយទៀតជាដេប៉ូចែកចាយប្រេងសាំងសាវីម៉ិចរបស់លោកស្រី ណុប ម៉ារីយ៉ាន ដែលមានទីតាំងនៅក្នុងក្រុងដូនកែវ៕