ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកឆ្អើត្រី កំពុងរៀបចំដំណើការងារ ចងក្រង ជាសហគ្រាស សហគមន៍អាជីវកម្ម ខ្នាតតូចឈ្មោះសហគ្រាសកសិផលអភិរក្សទន្លេសាប

94

ភ្នំពេញ៖ ការឆ្អើរត្រីជាមុខរបរចម្បងមួយ និងជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ ប្រជាសហគមន៍រស់នៅក្នុង តំបន់ បឹងទន្លេសាប ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងដែរ ក៏ប៉ុន្ដែដោយសារកង្វះខាតនូវធនធាន និងបច្ចេកទេសបានធ្វើឨ្យដំណើរការផលិតជួបប្រទះនូវបញ្ហាកង្វះអនាម័យ និងគុណភាពនៅឡើយ។ នេះបើតាមការឨ្យដឹងពីអង្គការ NatureLife នៅថ្ងៃទី០៣ ខែឩសភា ឆ្នាំ២០២៤។

     ដោយមើលឃើញពីតម្រូវការចាំបាច់នេះ  កាលពីខែមេសា ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា បាន សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង រៀបចំចងក្រងប្រជាសហគមន៍ ដែលកំពុង ប្រកបរបរឆ្អើរត្រីជាក្រុម ក្នុងទម្រង់ជាសហគ្រាសសហគមន៍ខ្នាតតូច ក្នុងគោលបំណងលើកកម្ពស់កម្រិត ជីវភាព ប្រជាសហគមន៍មូលដ្ឋាន និងជំរុញការលើកកម្ពស់គុណភាព និងអនាម័យផលិផលរួមទាំងបញ្ចូលនូវ គោលការណ៍ អភិរក្សធនធានធម្មជាតិផងដែរ។ សមាជិកសហគមន៍បានចុះឈ្មោះជាសមាជិកក្រុមផលិតត្រីឆ្អើរចំនួន ២៩ រូប (ស្ដ្រីចំនួន ១៨រូប) និងបានកំណត់ បង្កើតជា ២ ក្រុម ដោយបានកំណត់ឈ្មោះជាផ្លូវការថា សហគ្រាសកសិផលអភិរក្សទន្លេសាប ។

       ក្នុងកិច្ចប្រជុំនេះ សហគមន៍ក៏បានរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសម្រាប់ក្រុមទាំងពីរ ដោយមានតំណាងចំនួន ៣ រូប ដែលបេក្ខភាពជាប់ជាប្រធានសុទ្ធតែជាស្រ្ដី។ បន្ទាប់ពីលទ្ធផលជ្រើសរើសរួច ក្រុមការងារក៏បានកំណត់បង្ហាញពីរចនាសម្ព័ន្ធ តួនាទី និងដំណើរការគ្រប់គ្រងដល់គណៈកម្មការជាប់ឆ្នោត និងកំណត់ផែនការសកម្មភាពបន្តសម្រាប់ផ្សព្វផ្សាយជ្រើសរើសសមាជិកបន្ថែម រៀបចំទីតាំងសហគ្រាស និងផែនការអាជីវកម្ម។

 

គួរបញ្ជាក់ផងដែរថា សហគ្រាសកសិផលអភិរក្សទន្លេសាបកំពុងរៀបចំបង្កើនផលិតភាព និងគុណភាព ផលិតផលត្រីឆ្អើរជាជំហានដំបូង ហើយនឹងកំណត់ផែនការជំរុញការផលិតកែច្នៃ កសិផលជាច្រើនមុខដែល មានក្នុងសហគមន៍ទៅថ្ងៃអនាគត។ គោលការណ៍សំខាន់ក្នុងការជ្រើសរើសសមាជិកសហគ្រាសរួមមាន ការចូលរួមដោយស្ម័គ្រចិត្ដពីសមាជិក ការមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬប្រព្រឹត្ដបទល្មើសធនធាន ធម្មជាតិ ការប្រើប្រាស់អុសសម្រាប់ឆ្អើរត្រី ការចូលរួមបដិភាគដល់ការងារអភិរក្សក្នុងសហគមន៍ និងការចូលរួម អភិរក្សធនធានធម្មជាតិនានា ៕  ដោយសំរិត

អត្ថបទដែលជាប់ទាក់ទង