ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោចង់ឱ្យក្រុមហ៊ុនរថយន្តតូយ៉ូតា ក្រៅពីផលិតរថយន្តផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា គួរតែផលិតសម្រាប់នាំចេញទៅទីផ្សារខាងក្រៅផងដែរ

94

ភ្នំពេញ៖ម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការពេញចិត្តចំពោះការបើកសម្ពោធរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប កាលពីថ្ងៃម្សិលមិញ ហើយបានលើកទឹកចិត្តបន្ថែមដល់ក្រុមហ៊ុនថា ក្រៅពីផលិតរថយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា គួរតែផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារខាងក្រៅផងដែរ។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និងឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោលើកឡើងថា នេះជាលើកទី១ ហើយដែលសម្ដេចបានទទួលគណៈប្រតិភូក្រុមហ៊ុនបរទេសទី១ នៅវិមានព្រឹទ្ធសភានេះ សម្ដេចបានលើកឡើងថាអគារនេះ ត្រូវបានសាងសង់ឡើងដោយព្រះករុណាសម្តេចព្រះនរោត្តម សីហនុ នៅពេលដែលព្រះអង្គជាប្រមុខរដ្ឋ ហើយអគារនេះនឹងត្រូវរក្សាទុកជាប្រវត្តិសាស្ត្រ ដែលពុំមានការរុះរើ ឬកែប្រែអ្វីទៅជាទំនើបឡើយ។

សម្តេចបានបន្តថា សម្តេចក៏បានតាមដានការផ្សាយបន្តផ្ទាល់ការសម្ពោធក្រុមហ៊ុន Toyota កាលពីម្សិលមិញ សម្តេចបានចាត់ទុកថានេះគឺជាសមិទ្ធផលមួយដែលកម្ពុជាទទួលបាន បន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំពីជំនាន់ចាស់ទៅថ្នាក់ជំនាន់ថ្មីដែលបានប្រព្រឹត្តទៅត្រឹមត្រូវ ហើយមិនមានចលាចល ឬការប្រែប្រួល ផ្ទុយទៅវិញគឺមានដំណើរការអភិវឌ្ឍស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចនៅដំណើរការល្អប្រសើរ ហើយការបើកសម្ពោធរោងចក្រតូយ៉ូតានេះជាភស្តុតាងស្រាប់។

លោក ICHIRO បានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ ហើយនឹងខិតខំដំណើរការរោងចក្រនេះឲ្យប្រកបដោយជោគជ័យ ជាមួយគ្នាដែរលោកក៏បានជម្រាបជូនសម្ដេចពីប្រវត្តិរបស់ក្រុមហ៊ុន Toyota ដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ដោយមានជាដំណាក់កាល៖

* ១៩៩៣ បានបង្កើតឈ្មោះ T.TH.K ទទួលសិទ្ធជាកន្លែងផ្តល់សេវាកម្មតូយ៉ូតា បង្កើតការិយាល័យ តូយ៉ូតា ស៊ុយស៊ូ នៅក្រុងភ្នំពេញ

* ២០០៩ បង្កើតតូយ៉ូតា (ខេមបូឌា) ឯ.ក ទទួលសិទ្ធជាអ្នកចែកចាយរថយន្តតូយ៉ូតា

* ២០១៤ បង្កើតតូយ៉ូតា ស៊ុយស៊ូ ហ្វានែន (ខេមបូឌា) ឯ.ក
* ២០១៦ បង្កើតសួនឧស្សាហ៍កម្មប៉ោយប៉ែត ជាផ្នែកមួយនៃវិស័យឧស្សាហ៍កម្ម
* ២០២២ បង្កើតរោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក។ ឆ្នាំនេះជាឆ្នាំខួបទី៣១របស់ក្រុមហ៊ុនក្នុងការចាប់ផ្ដើមអាជីវកម្មក្នុងប្រទេសកម្ពុជា។

គណៈប្រតិភូក៏បានគោរពរាយការណ៍ជូនសម្តេចនូវតួនាទី និងការទទួលខុសត្រូវខុសគ្នាៗរៀងខ្លួន
ដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park ) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម លោកក៏បានរៀបរាប់ពីរោងចក្រនៅភ្នំពេញនេះ ដែលនឹងផលិតរថយន្តមានដូចជា Toyota Hilux និង Toyota Fortuner ដោយមានកម្មករប្រមាណ១៥០នាក់។

លោកបានលើកឡើងដែរថា កាលពីម្សិលមិញ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំឱ្យបង្កើតឱ្យមានសាលាហ្វឹកហ្វឺនធនធានមនុស្សនៅកម្ពុជាក្នុងវិស័យរថយន្តនេះ។

ឧកញ៉ា គង់ នួន បានជម្រាបជូនសម្ដេចតេជោថា ការសម្ពោធរោងចក្រឲ្យដំណើរការដំឡើងរថយន្តនេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ពីព្រោះដោយសារឡានផលិតនៅកម្ពុជានេះ គឺនឹងដាក់លេខកូដនៅលើស៉ាក់ស៊ីបញ្ជាក់ថា «ផលិតនៅកម្ពុជា»។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានរំឭកពីប្រវត្តិល្បីល្បាញរបស់ក្រុមហ៊ុនតូយ៉ូតាដែលមានវត្តមាននៅកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាគាំទ្រខ្លាំងជាយូរមកហើយ ហើយនៅពេលដែលសម្ដេចបានចូលមកដល់ភ្នំពេញដំបូង គឺអត់ឃើញមានសេសសល់រថយន្ត Toyota ទេ គឺសេសសល់តែសំបកតួរថយន្តដែលប៉ុលពតបានដោះម៉ាស៊ីនរថយន្តទៅធ្វើជាម៉ាស៊ីនបូមទឹក ទុកតែសម្បករថយន្ត ហើយក្រោយមកក្រុមហ៊ុនជប៉ុនបានប្រមូលទិញដែករបស់រថយន្តនោះយកទៅកែច្នៃ។

ពេលដំបូងមកកម្ពុជាប្រើតែរថយន្តរបស់រុស្ស៊ីទេ គឺមានដូចជា មូស្កូវិច ឡាដា វ៉ុលកា សម្តេចបានលើកឡើងថា នៅក្នុងឱកាសខួប១០ឆ្នាំនៃការរំដោះប្រទេសពីរបបខ្មែរក្រហម ពេលនោះរដ្ឋាភិបាលបានបញ្ជាទិញរថយន្ត Toyota ដំបូងគឺ១២គ្រឿង ដើម្បីទុកទទួលភ្ញៀវបរទេសដែលមកចូលរួមរំលឹកខួបដប់ឆ្នាំនៃការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោយការប្រារព្ធពិធីនោះ រថយន្តទាំង១២គ្រឿងនេះត្រូវបានចែកចាយជូនទៅដល់ថ្នាក់ដឹកនាំរបស់កម្ពុជាជំនាន់នោះប្រើប្រាស់។

សម្ដេចតេជោបានលើកឡើងថា ដំបូងកម្ពុជាពុំមានរថយន្តទេ ប៉ុន្តែបច្ចុប្បន្ននេះគឺជារថយន្តជាង១លានគ្រឿង និងម៉ូតូជាង៥លានគ្រឿង ហើយក៏បង្កការកកស្ទះចរាចរណ៍ ទោះជារាជរដ្ឋាភិបាលខិតខំកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក៏ដោយ។ សម្តេចតេជោបានសម្ដែងការរីករាយយ៉ាងខ្លាំង ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្ត សម្តេចក៏បានរៀបរាប់ផងត្រួសៗនូវការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការប្ដូរថ្នាក់ដឹកនាំជំនាន់ចាស់ទៅជំនាន់ថ្មី ទោះជាសុខភាពរបស់សម្ដេចនៅតែអាចធ្វើជានាយករដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែដើម្បីស្ថិរភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនយូរអង្វែង គឺសម្ដេចត្រូវធ្វើការលះបង់ដ៏ធំធេងនេះ ។ សម្តេចតេជោបានបន្ថែមទៀតថារយៈពេល៨ខែកន្លងទៅ រាជរដ្ឋាភិបាលបានដំណើរការទៅរលូន ពុំមានបញ្ហាស្ថិរភាព ឬក៏ប្រែប្រួលណាមួយកើតឡើង។

សម្ដេចតេជោបានបន្តទៀតថា អ្វីៗតែងតែនិយាយពីមរតកតេជោ មរតកនោះគឺមានសន្តិភាព និងស្ថិរភាពនយោបាយ ដោយសារសម្ដេចតេជោបានពន្លត់សង្រ្គាម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ ហើយសុខសន្តិភាពបានបន្តមកតាំងពីឆ្នាំ១៩៩៨មក គឺមានរយៈពេល២៦ឆ្នាំហើយ។ សម្ដេចតេជោសូមឱ្យអ្នកវិនិយោគក្រុមហ៊ុនបរទេ មើលឃើញថា កម្ពុជាគឺមានស្ថិរភាពយូរអង្វែងតទៅទៀត ដោយសារថាគណបក្សប្រជាជននៅតែបន្តដឹកនាំកម្ពុជា កម្ពុជានៅតែបន្តមានសន្តិភាពទៅមុខទៀត ដើម្បីឱ្យអ្នកវិនិយោគជឿជាក់លើកម្ពុជា ដែលប្រទេសមួយចំនួនក្នុងតំបន់មិនមាន ហើយអ្នកវិនិយោគគួរមកវិនិយោគនៅកម្ពុជា។

សម្ដេចតេជោបានស្នើសុំឱ្យក្រុមហ៊ុនជួយបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញរថយន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនចំនួន១.៥លាននាក់ ដោយមិនបង់ថវិកា និងផ្ដល់ថវិកាឱ្យបន្ថែមទៀតផងដែរ។

សម្ដេចតេជោតែងរំលឹក មិនថាក្រុមហ៊ុនជប៉ុន កូរ៉េ និងក្រុមហ៊ុនប្រទេសផ្សេងៗ សូមឱ្យប្រើរូបមន្ត១បូក បើមានរោងចក្រនៅថៃ ហើយគួរបង្កើតនៅកម្ពុជា១ថែមទៀត ដើម្បីបំពេញឱ្យគ្នា ដោយហេតុថាក្នុងករណីរោងចក្រមួយណា មានបញ្ហាកើតឡើងអាចជំនួសគ្នាបាន ឧទាហរណ៍ជាក់ស្ដែងក្រុមហ៊ុន Minebear ដែលមាននៅថៃផង និងកម្ពុជាផង តាមរូបមន្ត១បូក។

សម្ដេចតេជោចង់ឱ្យរោងចក្រនៅកម្ពុជានេះ មិនមែនផលិតសម្រាប់តែទីផ្សារកម្ពុជាទេ គឺចង់ឱ្យផលិតបម្រើទីផ្សារនៅកម្ពុជាផង និងនាំចេញបំពេញទីផ្សារខាងក្រៅផង។

លោក ICHIRO បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់សម្ដេចតេជោ និងបានមានប្រសាសន៍ថា បើពិភពលោកនេះមានអ្នកដែលមានគំនិតដូចសម្ដេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាពដូចកម្ពុជា។

លោកបានប្ដេជ្ញានឹងចូលរួមយ៉ាងសកម្មអនុវត្តតាមអនុសាសន៍របស់ប្រមុខដឹកនាំកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើនការផលិត និងផ្ដល់ការហ្វឹកហ្វឺនជំនាញរថយន្តដល់ប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង