ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ សហរដ្ឋអាមេរិកគ្មានជំទាស់នឹងគម្រោងព្រែកជីកហ្វ៊ូណន-តេជោនោះឡើយ ព្រោះនៅក្នុងអធិបតេយ្យកម្ពុជាសុទ្ធសាធ
ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា តាមរយៈការបញ្ជាក់របស់លោក ផាទ្រីក មូរហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីសហរដ្ឋអាមេរិកគ្មានជំទាស់នឹងគម្រោងព្រែកជីកហ្វ៊ូណន-តេជោរបស់កម្ពុជានោះឡើយ ព្រោះគម្រោងនេះធ្វើនៅក្នុងអធិបតេយ្យកម្ពុជាសុទ្ធសាធ។
ការបញ្ជាក់បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គ រាជ ទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់ និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
តបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញយោបល់ពីខាងភាគីសហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ឯកឧត្ដមក្នុងនាមភាគីកម្ពុជាបានធ្វើបទបង្ហាញជូនឯកឧត្ដមវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងឯកឧត្ដមផាទ្រីក មូរហ្វ៊ី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពន្យល់ពីគម្រោងព្រែកជីកហ្វ៊ូណន-តេជោនេះយ៉ាងក្បោះក្បាយ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ភាគីសហរដ្ឋអាមេរិក គ្មានជំទាស់នឹងគម្រោងព្រែកជីកហ្វ៊ូណន–តេជោនេះទេ សហរដ្ឋអាមេរិកក៏គ្មានកង្វល់ពីគម្រោងព្រែកជីកនេះដែរ សហរដ្ឋអាមេរិកតែងលើកពីកំពង់ផែនិងមូលដ្ឋានទ័ពជើងទឹករាមពិតមែន តែគ្មានបានលើកពីគម្រោងព្រែកជីកហ្វ៊ូណន–តេជោឡើយ ព្រោះជាគម្រោងនៅលើទឹកដីកម្ពុជា សុំត្រឹមតែកម្ពុជាគិតរឿងបរិស្ថានប៉ុណ្ណោះទេ គ្មានជំទាស់អ្វីទាល់តែសោះ, នេះពីឯកឧត្ដម ផាទ្រីប មូរហ្វ៊ី ដែលខ្ញុំបានជួប និងពន្យល់ឱ្យបានយល់ទាំងអស់គ្នា»។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានបន្តថា ចំពោះភាគីចិនក៏ស្មានតែគម្រោងនេះតាមទន្លេមេគង្គ តែដល់ពេលបានឃើញផែនទី និងបានភាគីកម្ពុជាជួយពន្យល់ ក៏បានយល់ច្បាស់ឡើងវិញ និងគាំទ្រចំពោះគម្រោងនេះ ពោលភាគីចិនក៏គ្មានការជំទាស់ដែរ សូម្បីប្រទេសជាប់ទន្លេមេគង្គដទៃទៀត ដូចជា ឡាវ ថៃ មីយ៉ាន់ម៉ា ក៏មិនជំទាស់ដែរ ឃើញមានតែភាគីវៀតណាមតែមួយគត់ប៉ុណ្ណោះ។
ឯកឧត្ដមស៊ុន ចាន់ ថុល ក៏បានផ្ដល់បទសម្ភាសជាមួយទូរទស្សន៍អន្តរជាតិ CNBC ក៏បានជម្រាបរួចអស់ហើយថា ជុំវិញគម្រោងព្រែកជីកហ្វ៊ូណន-តេជោនេះ សូមកុំព្រួយបារម្ភពីបញ្ហាបរិស្ថាន គឺភាគីកម្ពុជាបានសិក្សា ត្រួតពិនិត្យអស់ពេល២៦ខែ និងចប់សព្វគ្រប់អស់ហើយ។
បើតាមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល កិច្ចព្រមព្រៀងតំបន់ទន្លេមេគង្គ ឆ្នាំ១៩៩៥ បានចែងថា ចាំដល់ពេលគម្រោងសាងសង់រួច ទើបប្រទេសជាហត្ថលេខីអាចមកត្រួតពិនិត្យដោយផ្ទាល់បាន ប៉ុន្តែមុនសាងសង់ដូច្នេះ គឺពួកគេគ្មានសិទ្ធិមកជជែក សុំពន្យារពេល ឬជំទាស់នោះឡើយ ពីព្រោះគម្រោងព្រែកជីកហ្វ៊ូណន-តេជោនេះគ្រាន់តែធ្វើនៅនឹងដៃទន្លេប៉ុណ្ណោះ ម្យ៉ាងទីតាំងតាមបណ្ដោយគម្រោងនោះក៏ជាព្រែកចាស់ដែលមានស្រាប់ហើយ គ្រាន់តែស្ដារនិងពង្រីកបន្ថែមប៉ុណ្ណោះ។
គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។
គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។
គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បី បម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕