ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ក្រសួងសង្គមសេដ្ចកិច្ច ក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលទាមទារ ឲ្យរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយ

91

ភ្នំពេញ៖:រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជម្រាបជូនរដ្ឋសភា អំពីសមិទ្ធិផលនានារបស់ក្រសួងសម្រេចបានក្នុងអាណត្តិទី៥។ លោក វង សូត បានលើកឡើងផងដែរថា​ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ក្រសួងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារ អោយយើងរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយ ដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញនូវជំងឺប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្រ្តជាដើម។

គណៈប្រតិភូរដ្ឋសភាដឹកនាំដោយ​ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

​លោក វង សូត បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាថា ក្នុងអាណត្តិទី៥កន្លងមកនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចបានលទ្ធផលការងារជាច្រើន ស្របទៅនឹងផែនការយុទ្ធសាស្រ្ត៣យ៉ាង និងកម្មវិធីអាទិភាព៨ចំនុចរបស់ក្រសួង។ យុទ្ធសាស្រ្តទាំង៣ រួមមាន ១-បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ២-ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម ៣-ពង្រឹងសមត្ថភាពស្ថាប័ន និងកៀងគរប្រភពធនធាន ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ចំណែកឯកម្មវិធីអាទិភាពទាំង៨ចំណុចរបស់ក្រសួងវិញមាន ១-អភិវឌ្ឍន៍សុខុមាលភាពសម្រាប់ជនរងគ្រោះ ជនងាយរងគ្រោះ និងកិច្ចការគ្រួសារ ២-អភិវឌ្ឍន៍សុខុមាលភាពកុមារ និងយុវនីតិសម្បទា ៣-អភិវឌ្ឍន៍សុខុមាលភាពជនពិការ ៤-អភិវឌ្ឍន៍ សុខុមាលភាពចាស់ជរា ៥-អភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល ៦-អភិវឌ្ឍន៍សុខុមាលភាពអតីតយុទ្ធជន ៧-សិក្សាស្រាវជ្រាវ បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ៨-អភិឌ្ឍន៍សមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ។

​លោក រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ផងដែរថា ថ្មីៗនេះក្រសួងបានសហការជាមួយអង្គការ UNICEF រៀបចំសន្និសីទថ្នាក់តំបន់ ឆ្ពោះទៅរកការអនុវត្តយុទ្ធសាស្រ្តអុីនស្ពៃ(INSPIRE) ចំនួន៧​ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដែលមានការចូលរួមពី ប្រទេសចំនួន២១ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ សន្និសីទបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសឈានមុខគេ​ ដែលបានសិក្សាស្រាវជ្រាវថ្នាក់ជាតិ ស្តីពីអំពើហិង្សាលើកុមារ និងមានផែនការសកម្មភាពដើម្បីទប់ស្កាត់ ក៏ដូចជាឆ្លើយតបចំពោះអំពើហិង្សាលើកុមាររយៈពេល៥ឆ្នាំ (២០១៧-២០២១) មុនគេ ។

លោក រដ្ឋមន្ត្រី បន្តថា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់អោយអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សង្គមសេដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ។

​លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងនៅគ្រប់កាលៈទេសៈ ដើម្បី អភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ទៅតាមផែនការ និងគោលនយបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោកស្រី ប្រធានគណៈកម្មការបានសម្តែងក្តីសង្ឃឹមថា ក្រសួងនឹងបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ដើម្បីរួមគ្នាធ្វើយ៉ាងណា អោយការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង