ក្រុមហ៊ុនវៀតណាមរកឃើញកំណប់រ៉ែ ប្រេងកាតថ្មី ដែលអាចមានប្រេងឆៅជាង ១០០លានបារ៉ែល
ទីក្រុងហាណូយ៖ក្រុមហ៊ុនប្រេងរដ្ឋវៀតណាម PetroVietnam (PVEP) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បានរកឃើញកំណប់រ៉ែប្រេងឆៅថ្មីចំនួនពីរកន្លែង ដែលមានប្រេងឆៅបឋមចំនួន ១០០,៥លានបារ៉ែលក្នុង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការរកឃើញអណ្តូងរ៉ែថ្មីនេះ មានសារៈសំខាន់សម្រាប់ឧស្សាហកម្មប្រេង របស់ប្រទេសវៀតណាម ដែលបាននិងកំពុងជម្នះក្នុងការបង្កើនទិន្នផលប្រេងឆៅរបស់ខ្លួន ដោយសារតែការថយចុះកំណប់រ៉ែប្រេង ក្នុងគ្រាដែលមានការកើនឡើង តម្រូវការប្រេងឥន្ធនៈ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមហ៊ុន PVEP ថា ការខួងអណ្តូងប្រេង R79 នៅវាលប្រេង Rong Field ក្នុងប្លុក 09-1 នៅក្នុងសមុទ្រភាគអាគ្នេយ៍ប្រទេសវៀតណាម បានរកឃើញប្រេងឆៅបឋមចំនួន ១៦,៥លានបារ៉ែល។ វាលប្រេងឆៅនេះដំណើរការដោយក្រុមហ៊ុន Vietsovpetro ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងប្រទេសវៀតណាម និងប្រទេសរុស្ស៊ី។
ក្រុមហ៊ុន PVEP បានឱ្យដឹងថា ការរកឃើញអណ្តូងប្រេងផ្សេងទៀត គឺនៅអណ្តូង BA-1X នៅវាលប្រេង Bock PM3 CAA នៅភាគខាងត្បូងប្រទេសវៀតណាមដោយមានកំណប់ប្រេងឆៅបឋមចំនួន ៨៤លានបារ៉ែល។ ក្រុមហ៊ុន PVEP កាន់កាប់ភាគហ៊ុន ៣០ភាគរយនៅក្នុងប្លុកនេះ។ ការផលិតប្រេងឆៅនៅ BA-1X បានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភាដោយទទួលបានទិន្នផល ២ ១០០បារ៉ែលក្នុងមួយថ្ងៃ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ទិន្នផលប្រេងឆៅរបស់វៀតណាមក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៣,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹម ២,៧៨លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕