ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតអាមេរិកស្នើឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាឡើងវិញ ការដាក់ទណ្ឌកម្មលើទិដ្ឋាការ ដល់មន្ត្រីកម្ពុជា

95


ភ្នំពេញ៖ សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំកម្ពុជា ក្នុងការស្នើឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាឡើងវិញ ការដាក់ទណ្ឌកម្មលើទិដ្ឋាការ ដល់មន្ត្រីកម្ពុជា។ សម្ដេចថ្លែងថា​ បើរដ្ឋាភិបាលអាមេរិក ដកការហាមឃាត់នេះ គឺជាកាដូមួយសម្រាប់កម្ពុជា។

នារសៀលថ្ងៃពុធ ទី១៤ ខែវិច្ចិកា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងមហាផ្ទៃ។

មានប្រសាន៍ទៅកាន់លោកឯកអគ្គរដ្ឋទូត សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរ ចំពោះសមិទ្ធផលសម្រេចបាន ក្នុងអាណត្តិការងាររបស់លោក ដែលបានរួមចំណែកដល់ការផ្សារភ្ជាប់ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនជាលំដាប់ ហើយសម្ដេចបានសម្ដែងក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នឹងកាន់តែមានភាពល្អប្រសើរទៅថ្ងៃអនាគត។

ជាការឆ្លើយតប លោក William A. Heidt បានជំរាបជូនសម្ដេចក្រហោម ស ខេង ថាក្នុងមួយជីវិតរបបស់លោក១ភាគ៤ បានប្រើប្រាស់សម្រាប់ការបំពេញការងារ នៅប្រទេសកម្ពុជា ហើយកាន់តែប្រសើរទៀតនោះ គឺលោកមានភរិយាជាជនជាតិខ្មែរ។ លោកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង សម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស និងឧក្រឹដ្ឋកម្មឆ្លងដែន រវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

លោកបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ផងដែរ​ ដែលប្រទេសកម្ពុជា បានអនុវត្តយ៉ាងល្អតាមកិច្ចព្រមព្រៀង ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក ហើយថាក្នុងនាម ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកបានជួបជាមួយថ្នាក់ដឹកនាំ អន្តោប្រវេសន៍អាមេរិក ដើម្បីពន្យល់នូវអ្វីដែលកម្ពុជា បានសហការជាមួយអាមេរិក។

ជាការកត់សម្គាល់ លោកឯកអគ្គរដ្ឋទូត បានជំរាបសម្ដេចក្រឡាហោម ស ខេង ថាកាលពីពេលថ្មីៗនេះ លោកផ្ទាល់ បានស្នើទៅកាន់រដ្ឋាភិបាលអាមេរិក ពិចារណាដកទណ្ឌកម្មទិដ្ឋាការ មកលើមន្រ្តីក្រសួងការបរទេសកម្ពុជា ហើយថាទោះជាមិនទាន់មាន ចម្លើយបែបណា លោកនឹងបន្តជំរុញសំណើរនេះបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រសិនបើសហរដ្ឋអាមេរិក ពិតជាដកទណ្ឌកម្មទិដ្ឋាការមែននោះ វាប្រៀបបាននឹងការផ្ដល់ត្រឡប់មកកម្ពុជាវិញនូវអ្វី ដែលកម្ពុជាបានផ្ដល់ជូនសហរដ្ឋអាមេរិក តាមរយៈការអនុវត្តកិច្ចព្រមព្រៀងនានា ជាមួយគ្នា ពិសេសវាប្រៀបបាននឹងការដូរដ៏ល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាចុងបញ្ចប់នៃជំនួបដ៏មានសារសំខាន់នេះ សម្ដេចបានអរគុណរដ្ឋមន្រ្តីការបរទេសអាមេរិក ចំពោះសារលិខិតអបអរសាទរ ថ្ងៃឯករាជ្យជាតិកម្ពុជា ៩វិច្ឆិកា ខណៈដែលលោកអគ្គរដ្ឋទូតអាមេរិក បានអញ្ជើញដោយផ្ទាល់សម្ដេចក្រឡាហោម ស ខេង ទៅបំពេញទស្សនកិច្ច សហរដ្ឋអាមេរិក តាមពេលវេលាសមរម្យ ឬបើអាចគឺនៅឆ្នាំ២០១៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង