ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភទាំងអស់លើការព្យាបាលជំងឺ ការហូបចុក និងស្នាក់នៅដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ

44

ភ្នំពេញ៖ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ វីរៈសិល្បៈករចាបុីដងវែងដ៏ល្បីល្បាញ ខណៈដែលលោកកំពុងសម្រាកព្យាបាលនៅផ្នែកបេះដូង នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត, លោកទាំងទ្វេបានរ៉ាប់រងរាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុករបស់លោកព្រឹទ្ធាចារ្យ។

សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាអ្នកសិល្បៈចំណាស់ជាងគេនៅកម្ពុជាផ្នែកចាប៉ីដងវែង ដ៏មានវោហាស័ព្ទ និងល្បាញល្បី។

ព្រោះតែការមានស្នាដៃច្រើនលើសិល្បៈចាប៉ីដងវែង លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវរដ្ឋាភិបាលជប៉ុន ផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា» ឆ្នាំ២០១៧។ ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអុកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វឹគឹអុកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ។

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែកអប់រំ សិល្បៈ និងវប្បធម៌ ដូចជា លោក ឆេង ផុន អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនិពន្ធរឿងល្ខោន ដែលមានជំនាញខ្ពស់ធ្លាប់បានទទួលពានរង្វាន់នេះក្នុងឆ្នាំ១៩៩៧ និងលោក អាំង ជូលាន នវវិទូដ៏ចំណាន និងជាអ្នកស្រាវជ្រាវខេមរសិក្សាបានទទួលពានរង្វាន់នេះក្នុងឆ្នាំ២០១១៕

អត្ថបទដែលជាប់ទាក់ទង