ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការទូតកម្ពុជា សន្យាផ្តល់ជំនួយ ដល់សហគមន៍វៀតណាម នៅបឹងទន្លាសាប ដើម្បី​ពួក​គេ​ឡើង​មក​រស់​នៅ​លើ​គោក​បាន​ត្រឹម​ត្រូវ​

137


សិង្ហបុរី៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនា ជាមួយសមភាគីកម្ពុជា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី 13 វិច្ឆិកា នៅប្រទេសសិង្ហបុរី។

ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានអះអាងថា ប្រទេសកម្ពុជា នឹងធ្វើការដើម្បីគាំទ្រដល់សហគមន៍កម្ពុជា – វៀតណាម នៅបឹងទន្លេសាប ដើម្បីតាំងលំនៅថ្មី។

បើតាមផេកហ្វេសប៊ុក លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា​ បានបញ្ជាក់ថា “ខ្ញុំបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ផាំ ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម នៅឯក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នៅប្រទេសសិង្ហបុរី ។ យើងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាតំបន់ និងអន្តជាតិ “។

ក្នុងជំនួបជាមួយសមភាគីវៀតណាមលោក Pham Binh Minh នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី 33 និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី លោកប្រាក់ សុខុន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាសង្ឃឹមថា នឹងបន្តជំរុញទំនាក់ទំនង ជាមួយវៀតណាម និងបង្កើតលក្ខខណ្ឌល្អប្រសើរ សម្រាប់សហគមន៍វៀតណាម។

រីឯលោកផាំ ប៊ិញ មិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង របស់ភាគីកម្ពុជា ក្នុងការជួយសហគមន៍កម្ពុជា – វៀតណាម នៅតំបន់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង។

លោកក៏បានសម្តែងការព្រួយបារម្ភផងដែរថា សមាជិកជាច្រើន នៃសហគមន៍ ត្រូវបានផ្លាស់ប្តូរទៅកាន់តំបន់លំនៅដ្ឋានថ្មី ដែលមិនមានការធានា ឱ្យមានការរស់នៅល្អប្រសើរ។

លោក បានរំលឹកសំណើរបស់លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ួនផុក ទៅកាន់សមភាគីកម្ពុជា របស់សម្តេចតេជោហ៊ុន សែន ដើម្បីជួយដល់សហគមន៍ខ្មែរ-វៀតណាម ឱ្យចាកចេញពីតំបន់បឹងទន្លេសាប និងរក្សាស្ថេរភាពជីវិតរបស់ពួកគេ នៅកន្លែងថ្មី និងផែនការច្បាស់លាស់ ទាក់ទងនឹងការងារ ដើម្បីធានា ជីវភាពរស់នៅរបស់ពួកគេ និងការងារហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់។ ជា​សំណើ​ផ្ដាំ​ផ្ញើ​ឲ្យ​មើល​ថែ​សហគមន៍​ជនជាតិ​វៀតណាម​ ដែល​ផ្លាស់​ពី​បឹង​ទន្លេ​សាប ​ទៅ​នៅ​លើ​គោក ធ្វើ​យ៉ាង​ណា​បង្ក​ភាព​ងាយ​ស្រួលក្នុង​​ជីវភាពរស់​នៅ​ប្រចាំ​ថ្ងៃ ​​របស់​អ្នក​ទាំង​នោះ​។ សម្រាប់​វៀតណាម ដើម្បី​ឲ្យ​ពលរដ្ឋ​វៀតណាម ​រស់​នៅ​បាន​សុខសាន្ត គឺ​ទាល់​តែ​អាជ្ញាធរ​ខ្មែរ មាន​ផែនការ​ត្រឹម​ត្រូវ ពិសេស​ត្រូវ​រៀបចំ​ឲ្យ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់​គ្រាន់ ជា​អាទិ៍ សាលា​រៀន និង​មន្ទីរ​ពេទ្យ​ជា​ដើម​។

ក្នុងជំនួបនេះលោក Minh ក៏បានថ្លែងអំណរគុណ ចំពោះការរីកចម្រើន នៃភាពជាដៃគូ រវាងវៀតណាម និងកម្ពុជា នាពេលថ្មីៗនេះ។

សូម​រំលឹក​ជូន​ថា អាជ្ញាធរខ្មែរ ចាប់​តាំង​ពីដើម​​ខែ​តុលា​មក បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ ​ផ្លាស់​ទី​សហគមន៍​ជនជាតិ​វៀតណាម ​​ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ឆ្នាំង មក​នៅ​លើ​គោក​វិញឲ្យ​អស់​​​។ អាជ្ញាធរ​បាន​អះអាង​ថា ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ទាំង​ជាង​២០០០​គ្រួសារ បាន​បិទ​បញ្ចប់​រួច​រាល់​ហើយ ​តាំងពី​ចុង​ខែ​តុលា​។ ការងារនា​ពេល​នេះ គឺ​សម្អាត​បឹង​ទន្លេ​សាប កែ​ច្នៃ​កន្លែង​ចិញ្ចឹម​ត្រី ​នៅ​ទី​នោះ ​ឲ្យ​មាន​ស្តង់ដារ ​ដើម្បី​ឈាន​ទៅ​បង្កើត​ជា​តំបន់​កសិ​-ទេសចរណ៍​ ព្រម​ទាំង​សម្រប​សម្រួល ​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម ​រស់​នៅ​លើ​គោក​បាន​សមរម្យ។​

ជា​ការ​ឆ្លើយ​តប ប្រមុខ​ការទូត​ខ្មែរ លោក ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ​ល្អ​ប្រសើរ​សម្រាប់​សហគមន៍​វៀតណាម ដែល​ចាក​ចេញ​ពី​បឹង​ទន្លេ​សាប​ទៅ​រស់​នៅ​លើ​គោក​៕

អត្ថបទដែលជាប់ទាក់ទង