រដ្ឋសភាផ្តើមពិភាក្សាសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់បីផ្សេងទៀត
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិការបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧។
សម័យប្រជុំរដ្ឋសភាដឹកនាំដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំ ដំបូង ចំនួន១១៤រូប នឹងត្រូវពិភាក្សា និងអនុម័តរបៀបវារៈចំនួនពីរទៀត រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
ចំណែកសេចក្តីព្រាងច្បាប់មួយទៀតគឺ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ខាងលើ មួយម្តងៗតាមនីតិវិធី ដោយមានតំណាងរាជរដ្ឋាភិបាល អញ្ជើញមកការពារ សេចក្តីព្រាងច្បាប់នីមួយៗ នៅចំពោះមុខអង្គសភាផងដែរ។
នៅក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ កាលពីខែកក្កដា ឆ្នាំ២០១៨នេះ។ សេចក្តីព្រាងច្បាប់នេះ មានគោលដៅគំាទ្រដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយ សំខាន់ៗ និងវិធានការកែទម្រង់ជាក់លាក់ក្នុងការបម្រើប្រជាពលរដ្ឋ៕