ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ុយក្រែនបណ្ដេញប្រធាន កងអង្គរក្សពីតំណែង ក្រោយមន្ត្រីអង្គរក្ស២រូបត្រូវចាប់ខ្លួន ជុំវិញការប៉ុនប៉ងធ្វើឃាត

100

ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា បានបណ្ដេញប្រធានកងអង្គរក្សដែលទទួលខុសត្រូវ សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក បន្ទាប់ពីមន្ត្រី ២នាក់ក្នុងបញ្ជាការដ្ឋានកងអង្គរក្សត្រូវបានចាប់ខ្លួនក្នុងសប្ដាហ៍នេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប៉ុនប៉ង ធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានចេញក្រឹត្យមួយបណ្ដេញលោក Sergiy Leonidovich Rud ចេញពីតំណែងជាប្រធានបញ្ជាការដ្ឋានកងអង្គរក្សអ៊ុយក្រែន។ ប៉ុន្តែ ក្រឹត្យ នេះដែរមិនបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងរបស់លោក Rud ឬឈ្មោះអ្នកដែលត្រូវឡើងកាន់តំណែងជាប្រធានកងអង្គរក្សថ្មីនោះទេ ក្រោមហេតុផលជាកិច្ចការសម្ងាត់។

គួរបញ្ជាក់ថា ការប្រកាសខាងលើ កើតមានឡើងបន្ទាប់ពីសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន SBU បានឱ្យដឹងកាលពីថ្ងៃអង្គារថាខ្លួនបានទប់ស្កាត់ទាន់ ពេលវេលានូវការប៉ុនប៉ងធ្វើឃាតមួយរបស់រុស្ស៉ីលើលោក ហ្សេលេនស្គី និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយចំនួន។ SBU បានចាប់ខ្លួនមន្ត្រី២នាក់មានតំណែង ជាវរសេនីយ៍ឯក បម្រើការក្នុងបញ្ជាការដ្ឋានអង្គរក្ស ក្រោមការសង្ស័យថាផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យចារកម្មរុស្ស៉ី FSB។

ក្រុមមន្ត្រីអ៊ុយក្រែនបានអះអាងថា លោក ហ្សេលេនស្គី បានក្លាយជាគោលដៅរបស់រុស្ស៉ីចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយកាលពី ឆ្នាំមុន មានការប៉ុនប៉ងធ្វើឃាតចំនួន៥ ទៅ៦លើកប្រឆាំងនឹងរូបលោក៕

អត្ថបទដែលជាប់ទាក់ទង