ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន ស្នើតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្រ្តីដដែល សម្រាប់អាណត្តិថ្មី

84

ទីក្រុងមូស្គូ៖នៅថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានស្នើតែងតាំងលោក Mikhail Mishustin ឱ្យនៅកាន់តំណែងជា នាយករដ្ឋមន្រ្តីដដែល បន្ទាប់ពីនាយករដ្ឋមន្រ្តីរុស្ស៉ីរូបនេះ បានដើរតួនាទីសំខាន់ ក្នុងការជួយរូបលោក ហែលឆ្លងសង្រ្គាមអ៊ុយក្រែន និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងពី ការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូ ដោយសារតែសង្រ្គាមឈ្លានពាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤។

ការអនុម័តយល់ព្រមសំណើខាងលើរបស់លោក ពូទីន នៅឯរដ្ឋសភារុស្ស៉ី គឺត្រូវគេមើលឃើញថា សឹងតែច្បាស់មួយរយភាគរយ ដ្បិតនៅក្នុងសភាស្ទើរតែមិនមាន អ្នកនយោបាយប្រឆាំងឡើយ ហើយសភារុស្ស៉ីតែងតែបានគាំទ្រ ការសម្រេចចិត្តទាំងអស់របស់លោក ពូទីន ក្នុងនោះរួមមានទាំង ការចូលឈ្លានពាន អ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ផងដែរ។

យោងទៅតាមច្បាប់ រដ្ឋាភិបាលរុស្ស៉ីបានលាលែងពីតំណែង មុនពេលលោក ពូទីន ស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី៥ ដែលមាន រយៈពេល៦ឆ្នាំទៀត កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរូបលោកបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកាលពីខែមីនា។ មកទល់ពេលនេះ ពុំមានតំរុយបង្ហាញថា លោក ពូទីន មានគម្រោងធ្វើការរុះរើក្នុងទ្រង់ទ្រាយធំឡើយ ចំពោះរដ្ឋាភិបាលរបស់លោកដែលរួមមានមន្រ្តីជាន់ខ្ពស់ជើងចាស់ ដូចជាលោក Sergei Shoigu ដែលបានកាន់ក្រសួងការពារជាតិរុស្ស៉ី តាំងតែពីឆ្នាំ២០២១មក ព្រមទាំងរដ្ឋមន្រ្តីការបរទេស លោក Sergei Lavrov ដែលទទួលបន្ទុកកិច្ចការការទូតរបស់រុស្ស៉ី អស់រយៈពេល២ទសវត្សរ៍មកហើយ។

គួរបញ្ជាក់ថា លោក Mishustin ត្រូវបានលោក ពូទីន ជ្រើសតាំងជានាយករដ្ឋមន្រ្តីលើកដំបូង កាលពីឆ្នាំ២០២០។ លោក Mishustin ត្រូវគេមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរក្សាស្ថិរភាពសេដ្ឋកិច្ចរុស្ស៉ី បន្ទាប់ពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បាននាំគ្នាដាក់ ទណ្ឌកម្មជាបន្តបន្ទាប់ មកលើប្រទេសរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងពេលដ៏សំខាន់បំផុតមួយសម្រាប់លោក ពូទីន កាលពីខែមិថុនា ឆ្នាំ២០២៣ លោក Mishustin ក៏បានចេញមុខលើកឡើងផងដែរថា ប្រជាជនរុស្ស៉ីចាំបាច់ត្រូវគាំទ្រលោក ពូទីន ស្របពេលដែល សកម្មភាពបះបោរប្រដាប់អាវុធ ដឹកនាំដោយក្រុមទាហានស៉ីឈ្នួល ដែលប្រយុទ្ធនៅអ៊ុយក្រែន បានបង្កការគំរាមកំហែង ចំពោះស្ថិរភាពរបស់ ប្រទេសរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង