ឥទ្ធិពលរបស់សម្ពាធទាប នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឥទ្ធិពលរបស់សម្ពាធទាប នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។
ក្រសួងជំនាញ បានបន្តថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ជ្រលងសម្ពាធខ្ពស់ខ្សោយ បាននិងកំពុងបន្តគ្របដណ្តប់លើជ្រោយឥណ្ឌូចិន។ ទន្ទឹមនឹងនេះ ជ្រលងសម្ពាធទាបក៏បាន និងកំពុងគ្រប់ដណ្តប់លើភាគខាងត្បូងប្រទេសកម្ពុជា។ នៅក្នុងសមុទ្រចិនខាងត្បូង មានកើតឡើងនូវសម្ពាធទាបមួយ។ សម្ពាធទានេះ នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមភាគខាងត្បូង។ យោងតាមការព្យាករណ៍ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ដល់ទី១៩ខែវិច្ឆិកា មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅតាមបណ្តារាជធានី ខេត្ត មួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង៕