ម្ចាស់មេដាយប្រាក់ ២ គ្រឿងរបស់ កីឡាការិនីហួន ទិត្យដាលីន នៃ International Children Junior Finswimming Competition 2024 នៅថៃ
ភ្នំពេញ៖សូមកោតសរសើរម្ចាស់មេដាយ២គ្រឿងគឺកីឡាការិនីហែលទឹកជើងទាកម្ពុជា ហួន ទិត្យដាលីន ទទួលបានមេដាយប្រាក់ ២ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកពាក់ជើងទាអន្តរជាតិ (International Children Junior Finswimming Competition 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងសកលវិទ្យាល័យ នៅទីក្រុង Pathumthani ប្រទេសថៃ។
លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹកបានប្រាប់តាមអនឡាញពីប្រទេសថៃឲ្យដឹងថា កីឡាការិនីជើងទាកម្ពុជា ហួន ទិត្យដាលីនពិតជាធ្វើបានល្អសម្រាប់ការប្រកួតលើកដំបូងកម្រិតអន្តរជាតិរបស់កីឡាការិនីវ័យក្មេងសហព័ន្ធខ្មែរកីឡាហែលទឹក ដោយសារកីឡាការិនីទើបនឹងចាប់ផ្តើមការហ្វឹកហ្វឺនប្រភេទកីឡាហែលទឹកជើងទាបានរយៈពេលត្រឹមតែ ២ ខែតែប៉ុណ្ណោះ។
សម្រាប់ការចេញទៅប្រកួតលើកដំបូងទទួលបានលទ្ធផលល្អលើពីការរំពឹងរបស់លោកទៅទៀត ក្នុងនាមលោកជាគ្រូបង្វឹកសូមកោតសរសើរ និងមានចិត្តសប្បាយរីករាយ។ លោកមិនរំពឹងថា កីឡាការិនីជើងទាកម្ពុជា ហួន ទិត្យដាលីនដណ្តើមបានមេដាយដែរ សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនកីឡាករ ហែមថុន រ៉ូណាល់ និងកីឡាការិនី ហួន ទិត្យដាលីន ដើម្បីបទពិសោធន៍ វាស់ស្ទង់សមត្ថភាពការប្រកួតកម្រិតកុមារ ហើយចុងក្រោយបែរជាគាត់ទទួលបានមេដាយប្រាក់រហូតដល់ ២ គ្រឿង។
លោកគ្រូបង្វឹកបានបន្តថា ចំពោះលទ្ធផលល្អទទួលបានមេដាយប្រាក់ចំនួន ២ គ្រឿងរបស់កីឡាការិនី ហួន ទិត្យដាលីន លើប្រភេទវិញ្ញាសានារីហែលទឹកចម្ងាយ ៥០ ម៉ែត្រ Bifins (E 10 – 11) លើថេរវេលា ២៧.៥៤ វិនាទី និងមេដាយប្រាក់ ១ គ្រឿង លើប្រភេទវិញ្ញាសានារីហែលទឹកចម្ងាយ ១០០ ម៉ែត្រ (E 10 – 11) លើថេរវេលា ១:០០ .១៤ នាទី។
ចំណែកកីឡាករ ហែមថុន រ៉ូណាល់ ទទួលបានចំណាត់ថ្នាក់លេខ៤ លើប្រភេទវិញ្ញាសាបុរសហែលទឹកចម្ងាយ ៥០ ម៉ែត្រ Bifins (D 12 – 13) លើថេរវេលា ២៧.៨២ ក្នុងប្រកួតហែលទឹកពាក់ជើងទាអន្តរជាតិ (International Children Junior Finswimming Competition) នៅទីក្រុង Pathumthani ក្នុងប្រទេសថៃ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក ថា យោងតាមលិខិតអញ្ជើញរបស់ប្រធានសមាគមកីឡាក្រោមទឹកនៃព្រះរាជាណាចក្រថៃ និងទទួលបានការអនុ ញ្ញាតពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជើងទា( FIN Swimming) កម្ពុជាចំនួន ៤ រួមមាន លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក កីឡាករ ហែមថុន រ៉ូណាល់ និងកីឡាការិនី ហួន ទិត្យដាលីន ។
លោកអគ្គលេខាធិការបានបន្តថា ការបញ្ជូលឲ្យកីឡាករ-កីឡាការិនីហែលទឹកជើងទាវ័យក្មេងក្រោមអាយុ១៥ ឆ្នាំកម្ពុជាចូលរួមការប្រកួតកម្រិតអន្តរជាតិលើកនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបានបទពិសោធន៍ វាស់ស្ទង់សមត្ថភាពការប្រកួតកម្រិតកុមារ ទោះបីយើងបញ្ជូនទៅចូលរួមចំនួនតិចមែន ប៉ុន្តែជាចំនួនមួយក្នុងចាប់ផ្តើមបណ្តុះបណ្តាលឲ្យពួកគេបញ្ចេញសមត្ថភាពការប្រកួតកម្រិតអន្តរជាត។ ការប្រភេទវិញ្ញាសា ហែលទឹកជើងទា សហព័ន្ធទើបតែបង្កបង្កើតដោយផ្តើមចេញពីកម្រិតមូលដ្ឋានពីកុមារ ដើម្បីបង្កើតធនធានមនុស្ស (កីឡាករ-កីឡាការិនី)។
លោក ហែម គីរី បានបន្ថែមថា កីឡាករ-កីឡាការិនីហែលទឹកជើងទាវ័យក្មេងក្រោមអាយុ១៥ ឆ្នាំកម្ពុជាប្រកួតលើ ២ វិញ្ញាសារួមមានវិញ្ញាសា ៥០ ម៉ែត្រ និងវិញ្ញាសា ១០០ ម៉ែត្រ ក្នុងនោះកីឡាករម្នាក់ប្រកួត ២ វិញ្ញាសា៕