ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពរុស្ស៊ីវាយដណ្ដើមបានភូមិចំនួន៥ ក្នុងតំបន់ Kharkiv របស់អ៊ុយក្រែន

83

ទីក្រុងមូស្គូ៖ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា បានអះអាងថាកងកម្លាំងរបស់ខ្លួនវាយដណ្ដើមបានភូមិចំនួន៥ ក្នុងតំបន់ Kharkiv របស់ អ៊ុយក្រែន ជាទីដែលរុស្ស៉ីបានបើកប្រតិបត្តិការវាយលុកដ៏ភ្ញាក់ផ្អើលមួយកាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថាភូមិដែលកងកម្លាំងរុស្ស៉ីវាយដណ្ដើមបានរួមមាន Pletenivka, Ohirtseve, Borysivka, Pylna និង Strilechna ហើយដែលភូមទាំង៥នេះស្ថិតនៅជាប់ព្រំដែនរុស្ស៉ី។ សេចក្ដីថ្លែងការណ៍នេះដដែល ក៏បានបញ្ជាក់ដែរថាកងកម្លាំងរុស្ស៉ីវាយដណ្ដើមបាន ភូមិ Keramik ក្នុងតំបន់ Donetsk ជាទីដែលទីក្រុងមូស្គូកំពុងវាយរុលទៅមុខយឺតៗ តែរីកចម្រើនសន្សឹមៗ ចាប់តាំងពីដណ្ដើមកាន់កាប់បានទីក្រុង Avdiivka កាលពីខែកុម្ភៈមក។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសុក្រ បាននិយាយថារុស្ស៉ីបានបើកការវាយលុកឆ្លងព្រំដែនសាជាថ្មីលើតំបន់ Kharkiv និងបន្តវាយប្រហាររហូតដល់ ថ្ងៃសៅរ៍។ កងកម្លាំងរុស្ស៉ីបានវាយប្រហារលើកដំបូងលើតំបន់ Kharkiv កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែត្រូវបានកងកម្លាំងអ៊ុយក្រែនវាយឱ្យដកថយចេញពី តំបន់នេះមួយផ្នែកធំ ក្នុងប្រតិបត្តិការវាយបកមួយក្នុងខែកញ្ញា ឆ្នាំដដែលនោះ៕

អត្ថបទដែលជាប់ទាក់ទង