ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាថៃ រួមសហការបង្ក្រាបបទល្មើស នៅតាមព្រំដែន ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព

137

ភ្នំពេញ៖ នៅអគ្គបញ្ជាការដ្ឋាន ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ចំពោះគណៈប្រតិភូកងទ័ពភូមិន្ទថៃ ដឹកនាំដោយលោក នាយឧត្តមសេនីយ៍ Tarchaiyan Srisuwan អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ដែលបានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។

នាយកឧត្តមសេនីយ៍ បានថ្លែងពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានគ្របដណ្តប់ លើវិស័យជាច្រើន រួមមាន៖ វិស័យការទូត ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ អប់រំ និងកីឡា ជាដើម ។ល។ ជាពិសេស សហការបង្ក្រាបបទល្មើសនានា នៅតាមព្រំដែន ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ស្របតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គមេបញ្ជាការ បានសំណូមពរដល់ភាគីថៃ ឲ្យបន្តជួយបណ្តុះបណ្តាល​ធនធានមនុស្សតាមជំនាញនីមួយៗ។ បើមានបញ្ហាអ្វី ត្រូវរួមគ្នាដោះស្រាយ ដោយសន្តិវិធី ក្នុងនាមជាបងប្អូន។ បន្តបង្កើនទំនាក់ទំនងលើវិស័យវប្បធម៌ និងកីឡា ពីព្រោះ កីឡា គឺជាកត្តាសំខាន់មួយ ក្នុងការពង្រឹងសាមគ្គីភាពរវាងកម្ពុជា-ថៃ។

អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានថ្លែងពីការរីកចម្រើននៃ កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទំាងពីរ ថៃ-កម្ពុជា លើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អបរំ និងកីឡា ជាដើម ។ល។ គោលបំណង នៃដំណើរទស្សកិច្ចនេះ ដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត។ ចំពោះសំណូមពររបស់ភាគីកម្ពុជា ភាគីថៃបានឯកភាព។
លោកនាយឧត្តមសេនីយ៍ប៉ុល សារឿន បានជូនពរចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូកងទ័ពភូមិន្ទថៃ ប្រកបដោយជោគជ័យ និងសូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសនិងកងទ័ពទាំងពីរ កម្ពុជា-ថៃ ស្ថិតស្ថេរជានិច្ចនិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង