ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ផ្ញើសារលិខិតថ្វាយព្រះពរ ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​ នាឱកាសគម្រប់​ព្រះ​ជន្ម ៧១ ព្រះ​វស្សា​ យាង​ចូល ៧២ ព្រះ​វស្សា

50

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ផ្ញើសារលិខិតថ្វាយព្រះពរ ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុតបពិត្រ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ។

នា​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​នេះ តាង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំង និង​ប្រជារាស្ត្រ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ក្រាប​បង្គំ​អភិវន្ទ​សម្តែង​ថ្វាយ​នូវ​អំណរ​សាទរ​ឥត​ឧបមា​ប្រកបដោយ​កតញ្ញូ​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ចូលរួម​ថ្វាយ​ព្រះ​សព្ទសាធុការពរ​ជ័យ ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​ព្រះ​ជន្ម ៧១ ព្រះ​វស្សា​យាង​ចូល ៧២ ព្រះ​វស្សា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ ៧ ​កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​ខុស​ភា ឆ្នាំ ​២០២៤ ខាង​មុខ​នេះ ​។

ស្ថិត​ក្នុង​វរោកាស​ដ៏​មហា​ជ័យ​ម​ង្គ​លា​ភិ​រម្យ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត​អភិវន្ទ​លំឱនកាយវាចា​ចិត្ត ប្រកបដោយ​កតញ្ញូតាធម៌​យ៉ាង​ក្រៃ​លែង ថ្វាយ​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ក្នុង​ព្រះ​បរម​នាម​ជា​ព្រះ​ប្រមុខរដ្ឋ និង​ជា​ព្រះ​និមិត្តរូប​កម្ពុជា ព្រះ​អង្គ​បាន​ថ្វាយ​នូវ​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ បំពេញ​នូវ​ព្រះរាជ​សកម្មភាព និង​ព្រះរាជកិច្ច​ជា​ច្រើន គួរ​ឱ្យ​ស្ញប់ស្ញែង​បំផុត ជា​ពិសេស​ក្នុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ​៧ ដែល​កំពុង​ដឹកនាំ​ដោយ​ឥស្សរជន​វ័យក្មេង ប្រកបដោយ​សមត្ថភាព បញ្ញាញាណ និង​ថាមពល សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ញ៉ាំង​ឱ្យ​ជាតិ​មាតុភូមិ​បន្ត​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ប្រកបដោយ​មោទកភាព និង​កិត្យានុភាព​ជាតិ​កាន់តែ​លេចធ្លោ​ត្រដែតត្រដឹម​ឈាន​ឡើង ​។

    ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឫទ្ធិ​បារមី​ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេតច្ឆត្រ និង​ទេវតា​ឆ្នាំ​ថ្មី​ព្រះ​នាម “​ម​ហោ​ទ​រា​ទេវី​” សូម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​ព្រះ​សព្ទសាធុការពរ​ជ័យ​គ្រប់​ប្រការ ថ្វាយ​ជូន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បាន​សមប្រកប​ដោយ​ព្រះពុទ្ធ​ពរ​បួន​ប្រការ​ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​សុខក្សេមក្សាន្ត​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ជា​និច្ច​និរន្តរ៍​ ។

សូម​ព្រះករុណា​ថ្លៃ​វិសេស​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ព្រះ​មេត្តា​ទទួល​នូវ​ភក្តីភាព​ដ៏​ស្មោះស្ម័គ្រ និង​អភិ​វ​នួន​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា ​៕

អត្ថបទដែលជាប់ទាក់ទង