អគ្គស្នងការនគរបាលជាតិ និង FBIរបស់អាមេរិក នឹងចុះអនុស្សរណៈលើគម្រោង ស៊ើបអង្កេតរួមគ្នា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងស្ថាប័ន FBI របស់អាមេរិក គ្រោងនឹងចុះអនុស្សរណៈលើគម្រោង ស៊ើបអង្កេតរួមគ្នា ដើម្បីទប់ស្កាត់ទៅលើឧក្រិដ្ឋកម្មផ្សេងៗ ដូចជាទប់ស្កាត់បញ្ហា ជួញដូរគ្រឿងញៀន ការជួញដូរមនុស្សខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋនានា។
បើតាមការផ្សាយរបស់វេបសាយរបស់អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតទទួលជួបពិភាក្សាការងារ ជាមួយ លោកចន ឌី. វៀលសុន (Jonh D. Wilson) ដែលជាអនុព័ន្ធផ្នែកច្បាប់ តំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយអាមេរិក (FBI) ។ ជំនួបនេះ បានធ្វើនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលកម្ពុជានិង មន្ត្រីអាមេរិកមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធ ។
ជំនួយការអគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានសេនាធិការ លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត បានប្រាប់សារព័ត៌មានថា ជំនួបគ្នានេះ បានផ្តោតលើកគម្រោង ចុះហត្ថលេខាលើអនុស្សរណៈ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងការិយាល័យ FBI ។ អនុស្សរណៈដែលគ្រោងចុះហត្ថលេខានោះ គឺជាគម្រោង ស៊ើបអង្កេតរួមគ្នាមួយ ដែលនឹងធ្វើរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹង FBI និងក៏មានការចូលរួម ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ ។ លោក បន្តថា ស្ថាប័នទាំង ៣នេះ នឹងសហការគ្នា តាមរយៈអនុស្សរណៈនេះ ដើម្បីទប់ស្កាត់ទៅលើឧក្រិដ្ឋកម្មផ្សេងៗ ដូចជាទប់ស្កាត់បញ្ហា ជួញដូរគ្រឿងញៀន ការជួញដូរមនុស្សខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋនានាដើម្បីពង្រឹងសន្តិសុខដល់ប្រទេសទាំង២ ។
ក្នុងជំនួបនោះផងដែរ ភាគីអាមេរិក មានគម្រោងអញ្ជើញ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ច នៅទីបញ្ជាការធំរបស់ FBI ដែលស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដើម្បីចុះហត្ថលេខា លើអនុស្សរណៈនោះ ជាមួយប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធអេហ្វប៊ីអាយ (FBI) ។ ក្នុងប្រសាសន៍ឆ្លើយតប លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសានស៍ ជម្រុញអោយមានការត្រួតពិនិត្យខ្លឹមសារអឹមអូយូ (MOU) នេះបន្ថែមទៀត ហើយលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នឹងពិនិត្យរកមើលឱកាស និងពេលវេលាសមស្របណាមួយ ដើម្បីឆ្លើយតបការបំពេញទស្សនកិច្ចរបស់ FBI ៕