ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដាក់ ប្រូហ្វាល់រូបស្រីស្អាត ឆាតទៅទំនាក់ទំនងស្នេហា ផ្លាស់ប្តូររូបអាក្រាត និងគំរាមទារលុយ
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៥ខែវិច្ឆិកានេះ បានផ្សាយថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានបង្កើតគណនីក្លែងក្លាយ ជាច្រើន ដោយដាក់ ប្រូហ្វាល់រូបស្រីស្អាត រួចអេតទៅជនរងគ្រោះ ហើយឆាតទៅទំនាក់ទំនង ក្នុងន័យស្នេហា ក្នុងគោលបំណង ផ្លាស់ប្តូររូបអាក្រាត។ ក្រោយមកជនសង្ស័យ បានប្រើប្រាស់រូបអាក្រាតទាំងនោះ ដើម្បីគំរាមយកប្រាក់ពីជនរងគ្រោះ បើមិនព្រមផ្ញើឲ្យ គេនឹងបង្ហោះរូបភាព និងវីដេអូទៅឲ្យបងប្អូនសាច់ញាតិ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយ័ត្ន កុំទទួលអេតហ្វេ្រន (accept friends) ណាដែលអ្នកមិនស្គាល់ ព្រោះជនអគតិមួយចំនួន អាចប្រើប្រាស់គណនីក្លែងក្លាយដើម្បីបោកប្រាស់ និងគំរាមទារប្រាក់ជាដើម។ ទោះជាយ៉ាងណា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មិនបានបង្ហាញពីអត្តសញ្ញាណជនសង្ស័យរូបនោះ ជាសាធារណៈទេ៕