ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនមនុស្ស៤នាក់ ជាមេខ្លោង រកស៊ីពពោះ

69

ភ្នំពេញ៖ ករណីស្រ្តីរកស៊ីពពោះជំនួស​ដើម្បីទទួលបានថវិការាប់ម៉ឺនដុល្លារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុន្នីសោភា បានចេញដីកាសម្រេចឃុំខ្លួន ជនត្រូវចោទចំនួន៤នាក់ ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌជាក្រោយ។

តំណាងអយ្យការ លោក ស៊ិន វីរ: បានចោទចោទប្រកាន់ក្រុមជនសង្ស័យពីបទ សមគំនិតក្នុងអំពើលក់ដូរមនុស្ស សម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះ យោងតាមមាត្រា១៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា២៩ និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។ បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រុមមេខ្លោងដែលត្រូវ តុលាការសម្រេច ចេញដីកា ដាក់គុករួចហើយរួមមាន៖ ឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ វណ្ណា ឈ្មោះ ចេង សំអុល និងឈ្មោះ អៀង ម៉ាន់។

សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមនុស្ស១៥នាក់ ដែលជាប់ពាក់ព័ន្ធ ករណីរកស៊ីពពោះជំនួស ក្នុងនោះមានប្រុស២នាក់ និងស្រី១៣នាក់ មកកាន់តុលាការ ដើម្បីចំណាត់ការតាមបីតិវិធី។ក្រោយបិទការស៊ើបសួរ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យមានឈ្មោះ សុខ ឃឿន ឈ្មោះ ខៀវ វណ្ណា ឈ្មោះ ចេង សំអុល និងឈ្មោះ អៀង ម៉ាន់។ ដោយមនុស្ស១១នាក់ផ្សេងទៀត កំពុងស្ថិតក្នុងចំណាត់ការសាកសួរនៅឡើយ
មុនសំណុំរឿងនេះត្រូវបញ្ចប់នៅដំណាក់កាលចៅក្រមស៊ើបសម្រេច។

កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស១៥នាក់។ ក្នុងចំណោម​មនុស្ស​ស្រី​ទាំង១៣នាក់​នោះ មាន​មនុស្ស១១នាក់ កំពុង​តែមាន​ផ្ទៃពោះ ដែលជា​អ្នករកស៊ី​ពពោះ​ជំនួស​ផ្ទាល់​តែម្ដង ហើយ២នាក់​ផ្សេងទៀត ជា​ចុងភៅ។

ដោយឡែក សម្រាប់​ការ​ពពោះ​នេះ ហើយ​ត្រូវ​លក់​បន្ដទៅ​ឲ្យ​ជនបរទេស ឬ​ជន​ណា​នោះ លោក ទូច សា​រ៉េ​ន មិនទាន់បាន​បញ្ជាក់​នៅ​ឡើយ​ទេ ព្រោះ​លោក​ថា​មនុស្ស​ទាំងអស់​ កំពុងតែ​ស្ថិតក្រោម​ការសួរនាំ​រប​ស់​សមត្ថកិច្ច​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។ ករណី​ពពោះ​ជំនួស​នេះ​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ ខណ:ដែល​ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ​ចងក្រង​ច្បាប់ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង