គណៈមេធាវីកម្ពុជា បញ្ជាក់ថា លោក ហ៊ាង រិទ្ធី មិនមែនជាមេធាវីទេ
ភ្នំពេញ៖ គណៈមេធាវីកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសបដិសេធយ៉ាងដាច់អហង្កាថា លោក ហ៊ាង រិទ្ធី មិនមែនជាមេធាវីដែលបានចុះបញ្ជី នៅក្នុងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាឡើយ។
លោក ហ៊ាង រិទ្ធី ដែលជាអតីតអនុប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យនោះ មិនមែនជាមេធាវី ដែលចុះឈ្មោះដោយគណៈមេធាវីនោះទេ។
គណៈមេធាវី បានបញ្ជាក់ថា ការហៅ ការប្រើប្រាស់មុខងារ តួនាទី និងឋានៈជាមេធាវី ខុសពីការពិត បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មេធាវី និងស្ថាប័នគណៈមេធាវី។ គណៈមេធាវីកម្ពុជា ក៏ប្រកាសចាត់វិធានការគ្រប់មធ្យោបាយតាមនីតិវិធីច្បាប់ផងដែរ។
គណៈមេធាវី បានអះអាងទៀតថា ការហៅ ការប្រើប្រាស់មុខងារ តួនាទី និងឋានៈជាមេធាវី ខុសពីការពិត ដែលធ្វើឡើងក្នុងកិច្ចសម្ភាសវិទ្យុអាស៊ីសេរី គឺជាអំពើរំលោភបំពានច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុង គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងបទសម្ភាសន៍នេះវិទ្យុអាស៊ីសេរី បានប្រើប្រាស់មុខងារ តួនាទី និងឋានៈ ដោយហៅលោក ហ៊ាង ឫទ្ធីថា “លោកបណ្ឌិតមេធាវី”។
ប្រតិកម្មរបស់ គណៈមេធាវី បានធ្វើឡើង បន្ទាប់ពីលោក ហ៊ាង រិទ្ធី បានប្រើប្រាស់តួនាទីជាមេធាវី ក្នុងកិច្ចសម្ភាសន៍ជាមួយ វិទ្យុអាស៊ីសេរី ដើម្បីរិះគន់ចំពោះចំណាត់ការតុលាការ ក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលធ្វើឱ្យលោកហាក់ជាប់ឃុំនៅក្នុងផ្ទះ៕