ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានកាំកុងត្រូល អរគុណចំពោះទស្សនរិះគន់របស់លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម, ឯម្ចាស់ស្ថានីយ៍ប្រេងត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

335


ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់របស់លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លើ
មន្ត្រីកាំកុងត្រូល ដែលបានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនបានគៃបំបាត់ប្រេងពីអ្នកទិញ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សំដែងនូវការគោរពថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋលេខាធិការដែលបានបញ្ចេញទស្សនៈ និងផ្តល់នូវការចូលរួមមតិយោបល់ដ៏ល្អ ពាក់ព័ន្ធនឹងសកម្មភាពចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយនានានៅទូទាំងប្រទេស ។

បើតាមសេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមសំដែងនូវការគោរពថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋលេខាធិការដែលបានបញ្ចេញទស្សនៈ និងផ្តល់នូវការចូលរួមមតិយោបល់ដ៏ល្អ ពាក់ព័ន្ធនឹងសកម្មភាពចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយនានានៅទូទាំងប្រទេស កម្ពុជា របស់មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។ ក្នុងតួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានបំពេញភារកិច្ចក្នុងកិច្ចការការពារអ្នកប្រើប្រាស់ ដោយតម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំទំនិញគ្រប់រូបភាព ។
ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ/ដេប៉ូចែកចាយ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការចំនួន ០២ ដើម្បីអនុវត្ត ៖ ភាពមិនប្រក្រតីដែលត្រូវបាន រកឃើញលើកទី ១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ ។ ទន្ទឹមនេះ នឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។ ចំពោះនីតិវិធីត្រួតពិនិត្យ គឺមិនទុកឱកាសយូរដល់ស្ថានីយ/ដេប៉ូ ដែលមានភាព មិនប្រក្រតីនោះទេ ហើយក៏មិនឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ដឹងមុនដែរ ។
នាពេលថ្មី ៗ នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានកំណត់វិធានការតឹងរឹងចុងក្រោយ ខណ:ពេលចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូប្រេងឥន្ធន: គឺមានព្រះរាជអាជ្ញាដឹកនាំ ងាយស្រួលក្នុងការចាត់វិធានការភ្លាម ៗ តាមផ្លូវច្បាប់តែម្តង ។ ការដាក់បន្ទុកតាមផ្លូវតុលាការនេះ ទាមទារឱ្យអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសូងពាណិជ្ជកម្ម កសាងកំណត់ហេតុមួយច្បាស់លាស់ និងមានភស្តុតាងគ្រប់គ្រាន់ ដោយផ្អែកលើលទ្ធផល បច្ចេកទេសមន្ទីរពិសោធន៍ (ទាំងខ្នាតតូច និងខ្នាតធំ) ដែលឥឡូវនេះ យើងកំពុងដំណើរការនៅឡើយ ហើយកិច្ចការ នេះ ត្រូវឱ្យមានសុក្រឹតភាព និងផ្តល់ភាពយុត្តិធម៌ជូនទាំងអ្នកលក់ និងអ្នកទិញផងដែរ ។ សូមឯកឧត្តមរដ្ឋលេខាធិកា មេត្តាទទួលនូវការគោរពបំភ្លឺបញ្ជាក់ខាងលើ ដោយក្តីអនុគ្រោះ ។

សូមបញ្ជាក់ថា លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកជាចម្ងល់ថា
ព្រឹកមិញនេះ ថ្ងៃ១៤ វិច្ឆិកា ២០១៨ ខ្ញុំបានឮទូរទស្សន៍អប្សារាផ្សាយថា មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈ១ចំនួនបានគៃបំបាត់ប្រេងពីអ្នកទិញពី ៣ ទៅ ១០%! តែគួរឱ្យឆ្ងល់! អត់មានផាកពិន័យឬផ្តន្ទាទោសបន្តិចសោះ! គ្រាន់តែធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្ត! សួរថា ចុះប្រេងដែលលួចរាប់ឆ្នាំមកហើយអស់រាប់ពាន់រាប់ម៉ឺនលីត្រ តើគិតយ៉ាងណា? ហេតុអ្វីចោរលួចកង់ ម៉ូតូ ដែលមានតម្លៃតែបន្តិចបន្តួចសោះ ហេតុអ្វីត្រូវជាប់គុក? ឯចោរដែលលួចប្រេងអស់វាល់ម៉ឺនរាប់សែនដុល្លា គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់!។

មន្ត្រីកាំកុងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តកណ្តាល បានសម្រេចបិទស្ថានីយសាំងតេលា(រស្មីពិសី)នៅក្រុងតាខ្មៅ ខេត្តកណ្តាលជាស្ថាពរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ និងកសាងសំណុំរឿងបញ្ជូនម្ចាស់ខាងលើទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីរកឃើញស្ថានីយសាំងខាងលើលួចលីត្រ២០ភាគរយ(ចាក់១០បានតែ៨ឬ៩លីត្រ) និងបន្លំសាំងធម្មតាទៅជាសាំងស៊ុបពែ៕


អត្ថបទដែលជាប់ទាក់ទង