រដ្ឋមន្រ្តីសុខាភិបាល រំលឹកដល់មន្ត្រីក្រោមឳវាទ ពិសេសតាមមន្ទីរពេទ្យ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំផ្តោតសំខាន់លើការថែទាំ គ្រប់ការផ្តល់សេវាសុខភាពជូនដល់ពលរដ្ឋ
ភ្នំពេញ៖ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសខិតខំផ្តោតសំខាន់លើការថែទាំ គ្រប់ការផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺ និងប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យទូទៅ។
ការថ្លែងបែបនេះរបស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឳកាសបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
ទន្ទឹមនេះដែរ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវរៀបចំផែនការ និងពិនិត្យសមិទ្ធផលការងារដែលបានធ្វើកន្លងមក ដើម្បីពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម និងចំណុចខ្វះខាតនានា។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាល ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕