ឯកឧត្ដមឃួង ស្រេង ថ្លែងនាពេលបិទយុទ្ធនាការនៅរាជធានីថា៖គណបក្សប្រជាជននឹងជណ្តើមយកជ័យជម្នះអោយបានដាច់ខាតនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៦ឧសភា
ភ្នំពេញ៖នៅថ្ងៃទី២៤ ឧសភាឆ្នាំ២០២៤នេះជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ១៤របស់រាជធានីភ្នំពេញ បានធ្វើពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតព្រមៗគ្នានិងយ៉ាងគគ្រឹកគគ្រេងនៅតាមខណ្ឌរបស់ខ្លួន សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជម្នះអោយបានដាច់ខាតនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៦ឧសភាខាងមុខនេះ។
ដោយឡែកនៅព្រឹកថ្ងៃទី២៤ ឧសភានេះ ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ,ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤”នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅផងដែរ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ព្រឹកថ្ងៃទី២៤ ឧសភានេះជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោយពីយើងបានបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
ក្នុងពីធីបិទសន្និបាតនេះ ឯកឧត្ដមឃួង ស្រេង បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅខណ្ឌព្រែកព្នៅ ដែលបានខិតខំធ្វើការអភិវឌ្ឍន៍មូលដ្ឋានខណកឌឱ្យមានការអភិវឌ្ឍន៍រីកចម្រើននិងរក្សាបាននូវភូមិសង្កាត់មានសុវត្ថិភាពស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម បន្តទៀតថា ផ្អែកតាមច្បាប់របស់ គ ជ ប គឺការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ឧសភានិងបញ្ចប់នៅថ្ងៃទី២៤ខែឧសភានេះ។ ក្នុងរយៈពេលនៃការ ឃោសនាបោះឆ្នោតនេះ គឺបានដំណើរការទៅដោយរលូនតាមច្បាប់របស់គជប។ គណបក្សប្រជាជនកម្ពុជា
នឹងទទួលបាននូវជ័យជំនះយ៉ាងពិតប្រាកដនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដោយសារ គណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំពិសេសគឺគណបក្សប្រជាជនកម្ពុជាបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មានធនធានមនុស្សទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។គណបក្សប្រជាជនកម្ពុជាជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារ ជាមួយនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ។ បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ដោយបានជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងដោយប្រការផ្សេងៗទៀតពោលគឺអ្វីៗដែលគណបក្សប្រជាជនកម្ពុជាបានធ្វើគឺធ្វើទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងមូល។
ក្នុងឱកាសនោះដែរឯកឧត្ដមឃួង ស្រេងក៏បានអំពាវនាវទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នានិងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។បន្ថែមពីនេះអាជ្ញាធរទាំងអស់ត្រូវបំផុសចលនាមហាជនឲ្យគាំទ្រគម្រោង “ព្រែកជីកហ្វូណន-តេជោ”។
លោកធីម សំអាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា៖
ក្នុងរយៈពេលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ក្រុមការងារ ក្រុមបេក្ខជនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ សហការជាមួយគណបក្សរាជធានី គណបក្សខណ្ឌ សង្កាត់ បានចុះជួបឃោសនាជាមួយ អង្គបោះឆ្នោត ដើម្បីបង្កើនការយល់ដឹង និងចងចាំបាននូវលេខរៀងរបស់គណបក្សយើងគឺ ៖លេខរៀងទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដែលមានសន្លឹកឆ្នោតពណ៌ ផ្ទៃមេឃ និងលេខរៀងទី៥ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ដែលមានសន្លឹកឆ្នោតពណ៌ស។អង្គបោះឆ្នោតរបស់យើងដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងខណ្ឌព្រែកព្នៅ បានប្តេជ្ញាចិត្តរួចជាស្រេចថា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជម្នះជាដាច់ខាត៕