ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពី២៩គណបក្សចូលរួម

39

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

កិច្ចប្រជុំត្រូវបានធ្វើឡើងនៅវិមានសន្តិភាពទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។ កិច្ចប្រជុំបានចាប់ផ្តើមដោយសុន្ទរកថាបើកកិច្ចប្រជុំ និងសារៈប្រយោជន៍នៃការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងកិច្ចប្រជុំនេះ ក៏បានផ្តល់ឱកាសឱ្យប្រធានប្រតិភូគណបក្សនីមួយៗអំពីការរួមចំណែកផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបច្ចុប្បន្នភាពសង្គមរយៈពេល៦ខែកន្លងមក និងចក្ខុវិស័យនៃការរំពឹងទុកដោយប្រធានប្រតិភូគណបក្សនីមួយៗផងដែរ។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។

ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏មានសិទ្ធិផ្តើមរៀបចំគោលនយោបាយ ដើម្បីស្នើជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចស្នើ ឬផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីអំពីតម្រូវការចាំបាច់ជាក់ស្តែងនៃការរៀបចំតាក់តែងធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជូននាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានពាក់ព័ន្ធ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចផ្តល់មតិលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលរៀបចំដោយក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ជូននាយករដ្ឋមន្ត្រីឱ្យបានមុនពេលប្រជុំគណៈរដ្ឋមន្ត្រី។

ក្នុងការបំពេញភារកិច្ច ប្រតិភូគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញនូវភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់។ ក្នុងការចុះបំពេញការងារនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏អាចដាក់លទ្ធផលនៃការងាររបស់ខ្លួនទៅក្នុងរបៀបវារៈពិគ្រោះ និងផ្តល់យោបល់ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏អាចដាក់ជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដើម្បីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចលើកយោបល់កែលម្អអំពីភាពអសកម្ម ឬភាពមិនប្រក្រតីជូនាយករដ្ឋមន្ត្រីផងដែរ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិថ្មីនេះ គណបក្សនយោបាយចូលរួមចំនួន២៩។ គណបក្សនយោបាយទាំងនោះ រួមមានដូចជា៖

. គណបក្ស ប្រជាជនកម្ពុជា
. គណបក្ស ខ្មែររួបរួមជាតិ
. គណបក្ស ពន្លឺថ្មី
. គណបក្ស សញ្ញាតិកម្ពុជា
. គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
. គណបក្ស នគរប្រជាធិបតេយ្យ
. គណបក្ស រស្មីខេមរា
. គណបក្ស ខ្មែរសាធរណរដ្ឋ
. គណបក្ស ហ៊ុនស៊ិនប៉ិច
១០
. គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១១
. គណបក្ស យុវជនកម្ពុជា
១២
. គណបក្ស ធម្មាធិបតេយ្យ
១៣
. គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៤
. គណបក្ស ខ្មែរតែមួយ
១៥
. គណបក្ស កម្លាំប្រជាធិបតេយ្យ
១៦
. គណបក្ស កសិករ
១៧
. គណបក្ស ស្ត្រីដើម្បីស្ត្រី
១៨
. គណបក្ស បំណងពលរដ្ឋ
១៩
. គណបក្ស ឯកភាពជាតិខ្មែរ
២០
. គណបក្ស ខ្មែរអភិរក្ស
២១
. គណបក្ស អំណាចប្រជាពលរដ្ឋ
២២
. គណបក្ស មហាសាមគ្គីជាតិខ្មែរ
២៣
. គណបក្ស ខ្មែរអង្គរ
២៤
. គណបក្ស អភិវឌ្ឍន៍កម្ពុជា
២៥
. គណបក្ស មហានគរ
២៦
. គណបក្ស ខ្មែរឈ្នះ
២៧
. គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ
២៨
. គណបក្ស មូលីណាកា
២៩
. គណបក្ស ចលនាប្រជាធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង