តេក្វាន់ដូ ITFប្រកួតជើងឯកថ្នាលពានរង្វាន់ភេសជ្ជៈ ស្ពនស័រ
ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វកម្ពុជាបានបើក ការប្រកួតជើៃងឯកពានរង្វាន់ថ្នាលដែលជួយឧបត្ថម្ភដោយភេសជ្ជៈSponson ។
ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី១៦ដល់១៨វិច្ឆិកា នាពហុកីឡដ្ឋានជាតិអូឡាំពិក ។ជាមួយនឹងការចាប់ផ្ដើមការប្រកួតនេះ សហព័ន្ធបានរៀបចំ បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និង ចៅក្រមចំនួន៣០នាក់ ដើម្បីធានាឲ្យការប្រកួតដំណើរការដោយយុត្តិធម៌ ។វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងតាំងពីថ្ងៃទី១៥វិច្ឆិកាម្ល៉េះ ។
លោក កៅ មករា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាតេក្វាន់ដូ ITF(International Taekwondo Federation) កម្ពុជាមានប្រាប់ថា វគ្គនេះមានសារសំខាន់ណាស់សម្រាប់អាជ្ញាកណ្តាល និងចៅក្រមតេក្វាន់ដូ ITFព្រោះ ការកាត់ក្តីនៅទីលានប្រកួតមិនឲ្យលំអៀង គឺកាត់ក្តីតាមការមើលឃើញតែម្តង។ ការប្រកួតសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាយើងបានបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនមាន១០ប្រភេទ គឺចាប់ពីអាយុ៩ឆ្នាំ ទៅ១១ឆ្នាំ ឯកត្តជនបុរស ឯកត្តជននារីប្រភេទ ខ្សែក្រវាត់ក្រោមខ្មៅ និងឯកត្តជនបុរស ឯកត្តជននារីប្រភេទខ្សែក្រវាត់ខ្មៅ១ជាន់ ហើយចាប់ពីអាយុ១២ឆ្នាំទៅ១៤ឆ្នាំ ឯកត្តជនបុរស ឯកត្តជននារី ប្រភេទខ្សែក្រវាត់ក្រោមខ្មៅ ព្រមទំាងចាប់ពីអាយុ១៥ឆ្នាំ ទៅ១៧ឆ្នាំ ឯកត្តជនបុរស ឯកត្តជននារីប្រភេទខ្សែក្រវាត់ក្រោមខ្មៅ។
ចំពោះវិញ្ញាសាបច្ចេកទេសពិសេស មាន២ប្រភេទ ចាប់ពីអាយុ១៥ ឆ្នាំទៅ១៧ឆ្នាំ ឯកត្តជនបុរស និងឯកត្តជននារី។ វិញ្ញាសាសម្តែងបច្ចេកទេស ការពារខ្លួនជាក្រុមមាន៣ប្រភេទ មិនមានកីឡាករ-កីឡាការិនីបម្រុងឡើយក្នុងនោះមានប្រភេទអាយុ ចាប់ពីអាយុ៩ឆ្នាំ ទៅ១៤ឆ្នាំ ចម្រុះ និងជាក្រុម ១នាក់ទល់៣នាក់ និងចាប់ពីអាយុ១៥ឆ្នាំ ទៅ១៧ឆ្នាំ ចំពោះជាក្រុមបុរស១នាក់ ទល់៣នាក់ និងជាក្រុមនារី នារី១នាក់ ទល់បុរស៣នាក់៕